.ភ្នំពេញ៖ ពិធីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ ត្រូវបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃអាទិត្យទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារតេជោមាស តេជោយ៉ត ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ រួមជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំយុវជន និងកីឡា ក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីសំណាក់អ្នកស្ម័គ្រចិត្ត និងអ្នកស្រឡាញ់ការហាត់យោគៈ ជាច្រើនអង្គ នាក់ ផងដែរ ។
ដោយផ្អែកលើប្រធានបទនៃទិវាយោគៈអន្តរជាតិលើកទី១២គឺ «យោគៈដើម្បីអាយុយឺនយូរ» (Yoga for Healthy Ageing)លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទនេះគឺជាការដាស់តឿនដ៏ទាន់ពេលវេលាមួយដល់សង្គមនានា នៅទូទាំងពិភពលោក អំពីតម្រូវការក្នុងការលើកកម្ពស់សុខុមាលភាពបែបបរិយាប័ន្ន និងការយកចិត្តទុកដាក់លើការហាត់យោគៈ ដើម្បីជាមធ្យោបាយឈានទៅសម្រេចបាននូវការកែលម្អគុណភាពជីវិតសម្រាប់មនុស្សគ្រប់វ័យ។ លោកឯកអគ្គរដ្ឋទូតបានបន្តថា វាក៏បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលដែលកំពុងមានការកើនឡើង អំពីសក្តានុពលនៃការផ្លាស់ប្តូររបស់យោគៈ ក្នុងការផ្តល់នូវសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី។ លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជាយោគៈមានប្រភពដើមមកពីប្រទេសឥណ្ឌាបុរាណ ក្នុងនាមជាវិទ្យាសាស្ត្របែបបរិយាប័ន្នដែលផ្សារភ្ជាប់រវាងរាងកាយ និងចិត្ត មនុស្ស និងធម្មជាតិក៏ដោយ ក៏នាពេលបច្ចុប្បន្ននេះ យោគៈបានឈានរំលងព្រំដែនសង្គម និងភូមិសាស្ត្រ ហើយបានក្លាយជាចលនាសកលមួយ ដោយត្រូវបានទទួលយកនៅតាមបណ្តាប្រទេសនានា ក្នុងនាមជាវិថីដ៏គួរឱ្យទុកចិត្តមួយឆ្ពោះទៅរកការរស់នៅប្រកបដោយសុខភាពល្អ និងសកម្ម។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់យុវជន និងអ្នកស្រឡាញ់ការហាត់យោគៈ រួមមានសិស្សានុសិស្ស អ្នកហាត់យោគៈ មន្ត្រីរាជការ និងសាធារណជនទូទៅ ព្រមទាំងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងមកពីបណ្តាក្រសួង ស្ថាប័នរដ្ឋ និងអង្គការយោគៈឯកជននានាផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំមួយដើម្បីអបអរសាទរទិវាយោគៈអន្តរជាតិលើកទី១២ នេះ ក៏ត្រូវបានប្រារព្ធឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមជាប្រធានកិត្តិយស។
នៅក្នុងឆ្នាំនេះ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល សាកលវិទ្យាល័យ និងស្ថាប័នយោគៈនានា បានរៀបចំព្រឹត្តិការណ៍យោគៈជាង១២ លើក នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេសកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី១២ នេះ។ ការចូលរួមយ៉ាងសកម្មរបស់កីឡាករ និងអ្នកហាត់យោគៈនៅក្នុងព្រឹតការណ៍ទាំងនេះ បានបង្ហាញឱ្យឃើញពីប្រជាប្រិយភាពដែលកំពុងកើនឡើងនៃលំហាត់ប្រាណយោគៈនៅក្នុងប្រទេសកម្ពុជា ដែលជាមធ្យោបាយមួយដើម្បីសម្រេចបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងតុល្យភាពក្នុងជីវិត។
កាលពីឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសឥណ្ឌា និងដោយមានការគាំទ្រពីប្រទេសសមាជិកចំនួន ១៧៧ អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយប្រកាសយកថ្ងៃទី២១ ខែមិថុនា ជា «ទិវាយោគៈអន្តរជាតិ»។ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ពិធីអបអរសាទរទិវាយោគៈអន្តរជាតិត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក រួមទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ៕ ដោយ សំរិត










