Harry Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេស បានបន្តរីករាយជាមួយវប្បធម៌បែប Cowboy នៅសហរដ្ឋអាមេរិក ដោយបានចូលរួមទស្សនាការប្រគំតន្ត្រី Country Music កាលពីរាត្រីថ្ងៃសុក្រ ក្រោយពីជួយអង់គ្លេសយកឈ្នះក្រូអាតក្នុងការប្រកួតបើកឆាក World Cup 2026។
ត្រឹមពីរថ្ងៃបន្ទាប់ពីស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងជ័យជម្នះលើក្រូអាតនៅទីក្រុង Dallas ខ្សែប្រយុទ្ធរបស់អង់គ្លេសរូបនេះ បានទៅទស្សនាការសម្តែងរបស់តារាចម្រៀង Country ដ៏ល្បី Ella Langley ដែលមានបទល្បីឈ្មោះ “Choosin’ Texas”។
Kane បានចូលរួមជាមួយខ្សែការពារ Dan Burn និងអ្នកចាំទីហ្វឹកហាត់ Jason Steele នៅក្នុងការប្រគំតន្ត្រី ដែលរៀបចំឡើងនៅទីក្រុង Kansas City ជាទីតាំងជំរុំហ្វឹកហាត់របស់ក្រុមអង់គ្លេស។
Dan Burn បានបង្ហើបថា គាត់គឺជាមនុស្សតែម្នាក់គត់ដែលស្លៀកពាក់បែប Cowboy ពេញលេញ ដោយពាក់មួក និងស្បែកជើង Cowboy ផងដែរ។
«ខ្ញុំចូលចិត្តតន្ត្រី Country ដូច្នេះខ្ញុំបានពាក់មួក Cowboy និងស្បែកជើង Cowboy។ បើធ្វើហើយ ត្រូវធ្វើឱ្យពេញលេញតែម្តង»។
Burn បន្ថែមថា Kane ក៏ជាអ្នកគាំទ្រតន្ត្រី Country ម្នាក់ដែរ ហើយថែមទាំងជ្រើសរើសបទចម្រៀង Country សម្រាប់ចាក់នៅក្នុងសណ្ឋាគាររបស់ក្រុមជាញឹកញាប់។
ក្នុងបញ្ជីតារាចម្រៀងដែល Kane ចូលចិត្ត មានដូចជា Morgan Wallen, Zach Bryan, Luke Bryan, Kane Brown និង Luke Combs ជាដើម។
ទោះជាយ៉ាងណា កីឡាករទាំងបីត្រូវបានបង្ខំឱ្យចាកចេញពីការប្រគំតន្ត្រីមុនចប់ ដោយសារត្រូវគោរពបម្រាមចូលសណ្ឋាគារមុនម៉ោង 11 យប់ ដែលកំណត់ដោយគ្រូបង្វឹក Thomas Tuchel។
Burn បាននិយាយថា៖ «យើងខកខានបទចម្រៀង 3 បទចុងក្រោយ ដែលជាបទល្អបំផុតរបស់នាង។ ខ្ញុំពិតជាសោកស្តាយបន្តិច ប៉ុន្តែយើងត្រូវត្រឡប់មកវិញមុនម៉ោងកំណត់»។
ក្រុមអង់គ្លេសបានទទួលថ្ងៃសម្រាកកាលពីថ្ងៃសុក្រ ដើម្បីចំណាយពេលជាមួយមិត្តភក្តិ និងក្រុមគ្រួសារ មុនពេលវិលត្រឡប់មកផ្តោតលើការប្រកួតបន្ទាប់។
ក្រៅពីទស្សនាការប្រគំតន្ត្រី Kane និងមិត្តរួមក្រុមក៏បានសាកល្បងម្ហូប BBQ ដ៏ល្បីរបស់ Kansas City និងទស្សនាការប្រកួតកីឡា Baseball របស់ក្រុម Kansas City Royals ផងដែរ។
ជាមួយគ្នានេះ កីឡាករអង់គ្លេសកំពុងរក្សាបរិយាកាសរីករាយក្នុងជំរុំហ្វឹកហាត់ តាមរយៈការលេងហ្គេម “Wolf” និង Backgammon ក្នុងពេលទំនេរ។
ទោះជាយ៉ាងណា ការផ្តោតសំខាន់នៅតែស្ថិតលើទីលានប្រកួត ខណៈ Kane នឹងព្យាយាមបន្តទម្រង់លេងដ៏ល្អរបស់ខ្លួននៅពេលអង់គ្លេសត្រូវជួប ហ្គាណា ក្នុងការប្រកួតបន្ទាប់នៅទីក្រុង Boston៕










