អាហ្វ្រិកខាងត្បូងបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយឈានទៅកាន់វគ្គជម្រុះ (Knockout Stage) នៃព្រឹត្តិការណ៍ FIFA World Cup ជាលើកដំបូង បន្ទាប់ពីយកឈ្នះកូរ៉េខាងត្បូងក្នុងលទ្ធផល ១-០។
គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់ក្នុងការប្រកួតនេះ រកបានដោយខ្សែប្រយុទ្ធ Thapelo Maseko នៅនាទីទី៦៣ ខណៈរូបគេបានស៊ុតបាល់ចូលជ្រុងក្រោម ធ្វើឱ្យក្រុម អាហ្រ្វិកខាងត្បូង ទទួលបានបីពិន្ទុដ៏សំខាន់។
ជ័យជម្នះនេះធ្វើឱ្យអាហ្វ្រិកខាងត្បូងមាន ៤ ពិន្ទុ និងបញ្ចប់នៅលេខ២ ក្នុងពូល A ក្រោយក្រុមជើងឯកពូលម៉ិចស៉ិច។ ពួកគេនឹងត្រូវជួបម្ចាស់ផ្ទះរួម កាណាដា នៅវគ្គ ៣២ ក្រុមចុងក្រោយ នាទីក្រុង Los Angeles ថ្ងៃទី២៨ ខែមិថុនា។
ចំណែកឯក្រុម កូរ៉េខាងត្បូង មាន ៣ ពិន្ទុ ហើយនៅតែមានឱកាសឆ្លងទៅវគ្គបន្ទាប់ ក្នុងនាមជាក្រុមលេខ៣ល្អបំផុតមួយ។
សម្រាប់អាហ្វ្រិកខាងត្បូង នេះគឺជាសមិទ្ធផលដ៏ធំមួយ ខណៈក្រុមមិនធ្លាប់ឆ្លងផុតវគ្គចែកពូលឡើយ ក្នុងការចូលរួម World Cup បីលើកមុនៗនៅឆ្នាំ 1998, 2002 និង 2010។
ការឈានដល់វគ្គជម្រុះជាលើកដំបូងនេះ ត្រូវបានចាត់ទុកថាជាជំហានប្រវត្តិសាស្ត្រសម្រាប់បាល់ទាត់អាហ្វ្រិកខាងត្បូង និងជាការបង្ហាញពីការរីកចម្រើនរបស់ក្រុមនៅលើឆាកបាល់ទាត់ពិភពលោក៕










