ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដ៏របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិលោក ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចង្អុលបង្ហាញ របស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង ក្រុមការងារចម្រុះដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរង និងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរង ផែនការងារសន្តិសុខ បានចុះត្រួតពិនិត្យទីតាំងរីសតមួយកន្លែង ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមនុស្សសរុប ៥០នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួន រួមមានកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងអាយផេតជាច្រើនគ្រឿង ។ បច្ចុប្បន្នមនុស្ស និងវត្ថុតាងទាំងអស់ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរ សូមកុំចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញគ្រប់រូបភាព មិនថាជាអ្នករៀបចំ អ្នកសហការ អ្នកបម្រើការ ឬអ្នកផ្តល់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសនោះឡើយ ។
សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបទល្មើសដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសរបស់ប្រទេសជាតិ ។ ជនណាដែលចូលរួម ឬពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនមានការលើកលែង ឬអនុគ្រោះឡើយ ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ដោយផ្តល់ព័ត៌មានអំពីទីតាំង ឬសកម្មភាពសង្ស័យនានា ជាបន្ទាន់មកកាន់ Page ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឬ រាយការណ៍បន្ទាន់មកកាន់លេខ:
* 0977780008 ( ភាសារខ្មែរ )
* 011526677 ( English )
* 011506677( 中文 )
* 011516677 ( 中文 )
* 011822009 ( អគ្គិភ័យ )
* 0977780093 ( អធិការក្រុង )
ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព ៕










