ខេត្តតាកែវ៖ អាជ្ញាធរជំនាញបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយធ្វើការដុតបំផ្លាញប្រហិតសាច់ក្ដាមចំនួន ៤,១៦០គីឡូក្រាម ស្មើនឹង ៤១៦កេស ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់» ដែលត្រូវបានលួចនាំចូលពីប្រទេសវៀតណាម។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញសាខា ក.ប.ប. ខេត្ត បន្ទាប់ពីបង្ក្រាបរថយន្តដឹកទំនិញគ្មានច្បាប់អនុញ្ញាតមួយគ្រឿង នៅភូមិជ្រោយពេន ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។
លោក លៀង សុភា ប្រធានសាខា ក.ប.ប. ខេត្តតាកែវ បានបញ្ជាក់ថា សារធាតុ «ប៉ូរ៉ាក់» អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស រួមមាន ប៉ះពាល់ស្បែក តម្រងនោម ថ្លើម ប្រព័ន្ធប្រសាទ ក្រពះពោះវៀន និងប្រព័ន្ធសរសៃឈាមបេះដូង ដែលអាចនាំឲ្យមានជំងឺធ្ងន់ធ្ងរនាពេលវែង។
ករណីនេះបង្ហាញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ចក្នុងការទប់ស្កាត់ការនាំចូលទំនិញគ្មានសុវត្ថិភាព និងការពារសុខភាពប្រជាពលរដ្ឋពីហានិភ័យនៃសារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ៕










