ខេត្តបាត់ដំបង៖ សមត្ថកិច្ចស្រុកមោងឫស្សី បានឃាត់ ខ្លួនបុរសអាយុ ៣២ឆ្នាំម្នាក់ ក្រោយធ្វើសកម្មភាពប្រើឆ្នាំងអាលុយមីញ៉ូមវាយទៅលើឪពុកបង្កើត បណ្តាលឱ្យរងរបួសប្រេះឆ្អឹងកំភួនដៃខាងស្តាំ ហើយថែមទាំងទាញកាំបិតខ្វែវប៉ុនប៉ងកាប់បន្ថែមទៀត តែត្រូវម្តាយចូលឃាត់ទាន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ តាមការ ស្រាវជ្រាវ មូលហេតុផ្តើមចេញពីជនសង្ស័យយកទូរស័ព្ទរបស់ឪពុកទៅមើល លុះឪពុកទារយកមកវិញ ក៏ខឹង បោះទូរស័ព្ទចោល រួចវាយប្រហារលើឪពុកតែម្តង។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ហិង្សាក្នុងគ្រួសារ) មួយបានកើតឡើងបង្កដោយជនសង្ស័យជាកូនបង្កើតឈ្មោះ នេន ណាវ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី បានធ្វើ សកម្មភាពវាយ ទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះ នាង នេន អាយុ៧១ឆ្នាំ (រស់នៅជាមួយគ្នា)ដោយប្រើឆ្នាំងជាមធ្យោបាយបណ្ដាលឱ្យលោកឳពុករងរបួសកំភួនដៃខាងស្ដាំ ០១កន្លែង(ប្រេះឆ្អឹង)និងទាញយក កាំបិត ខ្វែវ បម្រុង កាប់ ទៅលើឪពុកបន្ថែម តែត្រូវម្ដាយឃើញនិងចេញមកឃាត់ទាន់។
ក្រោយទទួលពាក្យបណ្តឹង នគរបាលប៉ុស្តិ៍រដ្ឋបាលគារ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃដដែល ដើម្បីសាក សួរតាមនីតិវិធី។ ក្នុងការសាកសួរ ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពវាយ និងប៉ុនប៉ងកាប់ឪពុកបង្កើតប្រាកដមែន។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ឆ្នាំងអាលុយមីញ៉ូម ១ និងកាំបិតខ្វែវគ្មានដង ១ដើម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនបង្កបានឆ្លើយសារភាពទទួលស្គាល់សកម្មភាពល្មើសរបស់ខ្លួនដោយបញ្ជាក់ប្រាប់មូលហេតុថា សកម្មភាពនោះកើតឡើង ក្នុងពេលដែលខ្លួនយកទូរស័ព្ទរបស់លោកឳពុកមើល TikTok យ៉ាងជក់ចិត្តដិតអារម្មណ៍ផង ក៏ស្រាប់តែលោកឳពុកទារយកទូរស័ព្ទទៅវិញ ពេលនោះខ្លួនខឹងក៏បោកទូរស័ព្ទចោល ហើយលោកឳពុកយកដៃទះស្មាខ្លួន ខ្លួនរឹតតែខឹងខ្លាំងទៀតក៏ទាញយកឆ្នាំងអាលុយមីញ៉ូម វាយទៅលើឪពុកតែម្ដង ររួចទាញយកកាំបិតបម្រុងកាប់ទៀតតែត្រូវបានម្តាយចេញមកឃាត់ទាន់។
អំពើហិង្សាក្នុងគ្រួសារ មិនមែនជាដំណោះស្រាយនៃ
ជម្លោះនោះទេ ប៉ុន្តែជាទង្វើដែលអាចបង្កឱ្យបាត់បង់ទាំងសេចក្តីសុខក្នុងគ្រួសារ និងប្រឈមមុខនឹងការ ទទួលខុសត្រូវចំពោះមុខច្បាប់៕










