ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ៖ ថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានចូលរួមពីធីបើក «ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦» ក្រោមប្រធានបទ “អាជីពក្នុងអន្តរកាល” នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ។ ពិព័រណ៌នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំ បង្ហាញផ្លូវដល់សិស្ស និស្សិត យុវជនជំនាន់ក្រោយ ឱ្យមានមូលដ្ឋានចំណេះដឹង ព័ត៌មានក្នុងការជ្រើសរើសជំនាញ អាជីព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង និងផ្លាស់ប្តូរជាលំដាប់ ជាពិសេសគឺក្នុងបរិបទឌីជីថលនេះ ។
ស្ត្រីទី១កម្ពុជាលើកថា ៖ ឆ្លៀតក្នុងឱកាសនេះដែរ នាងខ្ញុំសូមផ្តល់នូវអនុសាសន៍ចំនួន ៥ សម្រាប់ប្អូនៗ កូនៗ ក្មួយៗទាំងអស់គឺ៖
១. សូមជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង
២. សូមកុំមើលរំលងតម្លៃរបស់មុខជំនាញណាមួយ
៣. សូមរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ
៤. សូមរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច
៥. សូមរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន ៕
ដោយ ៖ សិលា










