ខេត្តសៀមរាប ៖ អ្នកចម្រៀង និង ជាអ្នកកាត់សក់សង្ស័យមានវិបត្តិផ្លូវចិត្ត ទើបសម្រេចលោតទឹកស្ទឹងសៀមរាបសម្លាប់ខ្លួន ខណៈដែលប្រជាពលរដ្ឋដើរហាត់ ប្រាណតាមដងស្ទឹងសៀមរាប ប្រទះឃើញសាកសពអណ្តែតទឹកស្ទឹង ក្នុងសភាពផ្កាប់មុខ ហើយសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ ភ្លាមៗផងដែរ ។
ហេតុការណ៍អ្នកចម្រៀង លោតទឹកសម្លាប់ខ្លួននេះ បានបង្កការភ្ញាក់ផ្អើលក្រុងសៀមរាប ស្ថិតនៅត្រង់ចំណុចច្រាំងខាង លិចនៃស្ទឹង ខាងជើងស្ពានរ៉ោករ៉ាក កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៦ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ជនរងគ្រោះ ឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ អ្នកចម្រៀង និងជា ជាង កាត់សក់ រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
ប្រភពបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ ដោយមានការសហការជាមួយក្រុមគ្រូពេទ្យ ខាងកោសល្យវិច័យ និងកម្លាំងនគរបាលការិយា ល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន មិនពាក់ព័ន្ធរឿងព្រហ្មទណ្ឌឡើយ ។ ករណីនេះ មូលហេតុជនរងគ្រោះមានជំងឺប្រចាំកាយ ក្រិនថ្លើម និងទាចទឹក និងមានវិបត្តិផ្លូវចិត្តផងដែរ។
ក្រោយពីកម្លាំងជំនាញបានពិនិត្យលើសាកសព រួចរាល់ហើយ ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តប្រាសាទគោកចក ស្ថិត នៅក្នុងភូមិសាស្ត្រ សង្កាត់គោកចក ក្រុងសៀមរាប ៕










