ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចឃាត់ខ្លួន តាមបណ្តឹងរបស់ប្រពន្ធ ខណៈដែលបុរសជនសង្ស័យយកដុំថ្ម ទាញដំបងឈើ កាំបិត និងចំពាមកៅស៊ូ ដេញវាយនិងបាញ់ទៅលើសាច់ញាតិក្រុមគ្រួសារ ប៉ុន្តែមិនត្រូវហើយគំរាមសម្លាប់ប្រពន្ធនិងម្ដាយក្មេកថែមទៀត ព្រោះតែផឹកទឹកប្ដូរនិស្ស័យច្រើនពេក ដោយទ្រាំនូវទង្វើរបស់ប្តីលែងបាន ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅមុនពេលឃាត់ ខ្លួនបុរសជាប្តីខាងលើ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មានឈ្មោះ រឿន ផាន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិជន្លង់ម្លូរ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដួល ទៅលើឈ្មោះ ស៊ុម ធារា អាយុ៣៥ឆ្នាំ ត្រូវជាប្ដីរបស់ខ្លួន។ បើតាមការរៀប រាប់របស់ស្ត្រីជាប្រពន្ធថា កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ គាត់( រូបខ្លួន)បានត្រឡប់មកពីស្រែ។ ពេលមកដល់ផ្ទះឈ្មោះ ស៊ុម ធារ៉ា (ប្តី) ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានរករឿងខ្លួន ជេរប្រមាថមើលងាយម្ដាយខ្លួន និងគំរាមសម្លាប់មកលើរូបខ្លួន និងបានយកដុំថ្ម ដំបងឈើ និងកាំបិត គប់មកលើបងប្អូន និងយកជំពាមកៅស៊ូដេញបាញ់មកលើរូបខ្លួនទៀត ប៉ុន្តែបាននាំគ្នាគេចខ្លួនទើបមិនបណ្ដាលឲ្យមានរបួសនោះទេ។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងទៀតថា ក្រោយទទួលពាក្យបណ្ដឹង របស់ជនរងគ្រោះជាប្រពន្ធរួចមកនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញស្រុកភ្នំស្រួច បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដួល បានចុះទៅឃាត់ជនសង្ស័យនៅផ្ទះ ដើម្បីយកមកសាកសួរ។ ពេលសួរនាំជនសង្ស័យបានឆ្លើយបដិសេធ ពាក្យ
បណ្ដឹងរបស់ស្ត្រីប្រពន្ធ។ ដោយបុរសសង្ស័យខាងលើ ឆ្លើយយ៉ាងខ្លីថាមូលហេតុ មកពីរូបគេ ស្រវឹងស្រា។
បើយោងតាមការបញ្ជាក់របស់ នគរបាលស្រុកភ្នំស្រួចថា បុរសជាជនសង្ស័យ ឈ្មោះ ស៊ុម ធារ៉ា ខាងលើនេះ ធ្លាប់បានធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដួលពាក់ព័ន្ធករណី ហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ក្រោយឃាត់ខ្លួនជនសង្ស័យ នគរបាលបានដកហូត ដុំថ្មចំនួន២ដុំ, ដំបងឈើចំនួន២កំណាត់ ជំពាមកៅស៊ូចំនួន១ និងកាំបិត២ដើម។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងថាក្រោយឃាត់ខ្លួនជនសង្ស័យខាងលើរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានក៏បានខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សុរិយា










