ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។បានអនុញ្ញាតជូនលោក Jeremie Alliance Piquard (ពូបារាំង) និងក្រុមការងារផលិតកម្មវិធី «ស្រុកខ្មែរ សប្បាយអ៊ីចឹង» ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ស្នើសុំកិច្ចគាំទ្រ តាមលើការផលិតមាតិកាទេសចរណ៍ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ជីវភាពរស់នៅ និងបទពិសោធន៍ទេសចរណ៍ពិតប្រាកដរបស់កម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Jeremie Alliance Piquard (ពូបារាំង) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនលោក និងក្រុមការងារចូលជួបពិភាក្សាការងារ ដើម្បីធ្វើបទបង្ហាញអំពីគម្រោងផលិតកម្មវិធី «ស្រុកខ្មែរ សប្បាយអ៊ីចឹង» រដូវកាលទី១ ដែលមានគោលបំណងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការបង្ហាញពីសម្រស់ធម្មជាតិ បេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបទពិសោធន៍ធ្វើដំណើរពិតប្រាកដនៅតាមគោលដៅទេសចរណ៍នានា។
ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីការស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍ និងការប្តេជ្ញាចិត្តក្នុងការផលិតខ្លឹមសារដែលឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព សុវត្ថិភាព ភាពសម្បូរបែបនៃតំបន់ទេសចរណ៍ និងសហគមន៍មូលដ្ឋាន ក្នុងការផលិត និងផ្សព្វផ្សាយមាតិកាទេសចរណ៍ប្រកបដោយគុណភាព តាមរយៈបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីបង្ហាញជូនទស្សនិកជនអំពីកម្ពុជា ជាគោលដៅទេសចរណ៍ដែលសម្បូរទៅដោយបទពិសោធន៍ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលអាចចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់លោក Jeremie Alliance Piquard (ពូបារាំង) និងក្រុមការងារ ក្នុងការផលិតកម្មវិធី «ស្រុកខ្មែរ សប្បាយអ៊ីចឹង» ដែលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនកម្ពុជា និងពិភពលោក ដែលត្រូវបានចាត់ទុកជា “មាសបៃតង” ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងជា “ឆ្អឹងខ្នងសេដ្ឋកិច្ច” ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើគុណភាពខ្លឹមសារ និងរូបភាពក្នុងគ្រប់ភាគនៃកម្មវិធី ព្រមទាំងផ្តោតលើការបង្ហាញពីអត្តសញ្ញាណពិសេសរបស់កម្ពុជា រួមមានវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសកម្មភាពតាមសហគមន៍ ដូចជាការប្រមូលផល ការផលិតស្ករត្នោត និងពិធីបុណ្យប្រពៃណីផ្សេងៗ ដើម្បីបង្ហាញថា «ទេសចរណ៍កម្ពុជា គឺជាទេសចរណ៍ផ្សារភ្ជាប់បទពិសោធន៍ជាក់ស្តែង» ព្រមទាំងបានលើកទឹកចិត្តក្រុមការងារបន្តផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» និងពង្រីកការផ្សព្វផ្សាយកម្ពុជាទៅកាន់ទស្សនិកជនជាតិ និងអន្តរជាតិ ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ៕
ដោយ៖តារា










