មនុស្សជិត២ពាន់នាក់ស្លាប់ របួសរាប់ពាន់នាក់ អគារច្រើនជាង៥៨០០០ខ្នង រងការខូចខាតឬបំផ្លាញទាំងស្រុង នៅវ៉េណេស៊ុយអេឡា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា ការវាយតម្លៃបឋមពីទិន្នន័យផ្កាយរណប ចេញផ្សាយដោយទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា កាលពីសប្តាហ៍មុន បានបង្កការខូចខាតឬបំផ្លាញអគារសរុបច្រើនជាង៥៨០០០ខ្នង។
អ្នកស្រាវជ្រាវ២រូបមកពីសាកលវិទ្យាល័យ Oregon State University បាននិយាយថា អគារសរុបប្រហែល៥៨៨៧០ខ្នង ទំនងជាបានរងការខូចខាតនិងបំផ្លាញទាំងស្រុង នៅទូទាំងតំបន់ដែលរងការប៉ះពាល់ ផ្អែកលើទិន្នន័យរ៉ាដាផ្កាយរណប ដែលប្រមូលបានកាលពីថ្ងៃទី២៥ ខែមិថុនា ពោលគឺមួយថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដី។ ការវាយតម្លៃរបស់ អ្នកស្រាវជ្រាវទាំងពីររូបនោះ គឺយោងទៅតាមទិន្នន័យមកពីផ្កាយរណប Sentinel-1 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA។ ប៉ុន្តែអ្នកទាំងពីរ បានគូសបញ្ជាក់ថា តួលេខនេះ គួរត្រឹមចាត់ទុកជាសូចនាករមួយ ហើយមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅនឹងទីកន្លែងផ្ទាល់ទេ។
កាលពីថ្ងៃចន្ទ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានរាយការណ៍ថា អគារចំនួនត្រឹម៨៥៥ខ្នងប៉ុណ្ណោះ បានរងការខូចខាត ក្នុងនោះរាប់បញ្ចូលទាំង១៨៩ខ្នង ដែលបានដួលរលំទាំងស្រុង។ ដោយឡែក ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា ផ្កាយរណបរបស់ខ្លួន ក៏កំពុងផ្តល់ការគាំទ្រយ៉ាងសំខាន់ផងដែរ ដោយចាប់យករូបភាពនិងទិន្នន័យ ដើម្បីជួយដល់ក្រុមការងារនៅលើដីផ្ទាល់ វាយតម្លៃទំហំនៃផលប៉ះពាល់ ហើយជួយនាំផ្លូវកិច្ចប្រឹងប្រែងឆ្លើយតប។
មនុស្សលើស១៧០០នាក់ហើយ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់នៅបន្តបាត់ខ្លួន ចាប់តាំងពីគ្រោះរញ្ជួយដីកម្រិត៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័រ ដែលជារញ្ជួយដីខ្លាំងបំផុត ដែលបានវាយប្រហារប្រទេសអាមេរិកឡាទីនមួយនេះ គិតក្នុងរយៈពេលជាងមួយសតវត្សរ៍៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print