ខេត្តស្វាយរៀង៖ លោក ឡាយ សុខា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២ខែកក្កដាឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសរសើរនិងប្រគល់វិញ្ញាបនបត្រដល់លោកគ្រូអ្នកគ្រូដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលរបាំជូនពររបាំនារីកម្ពុជារបាំគោះត្រឡោកនិងរបាំគែនសម្រាប់សិស្សជំនាន់ទី១ឆ្នាំ២០២៦ នាសាលប្រជុំមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក ឡាយសុខា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងចំពោះលោកគ្រូអ្នកគ្រូ ក្នុងវគ្គបណ្ដុះបណ្ដាល របាំជូនពររបាំនារីកម្ពុជា របាំគោះត្រឡោក និងរបាំគែន សម្រាប់សិស្សជំនាន់ទី១ឆ្នាំ២០២៦ នាពេលនេះផងដែរ។
លោក បន្តថា មន្ទីរ របស់លោកបានបើក វគ្គបណ្តុះបណ្តាល ផ្នែករបាំ និងភ្លេងពិណពាទ្យដល់អ្នកបន្តវេន វគ្គទីមួយមានសិស្សានុសិស្ស ចំនួន៣៣នាក់ ស្រី២២នាក់ ក្នុងនោះមានសិស្សភ្លេងប្រុសចំនួន ៨នាក់ និងវគ្គបណ្តុះបណ្តាលផ្នែករបាំបុរាណ របាំប្រពៃណី វគ្គទី២ ជំនានទី១ មានសិស្សចំនួន៥១នាក់ ស្រី៤៥នាក់ និងសិស្សទទួលបានលទ្ធផលជោគជ័យក្នុងវគ្គសិក្សាមានចំនួន១០នាក់ ស្រី៧នាក់។
លោក ប្រធានមន្ទីរ ក៏បានលើកឡើងថា ខេត្តស្វាយរៀងរបស់យើងមានមោទនភាព ដោយ របាំគោះត្រឡោក បានបដិសន្ធិ នៅភូមិជប់ ឃុំកណ្តៀងរាយ នៅអំឡុងឆ្នាំ១៩២០ ផងដែរ។
មិនតែប៉ុណ្ណោះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក៏មានសារមន្ទីរ ដែលធ្លាប់ជាឃ្លាំងផ្ទុកសមុច្ច័យបុរាណវត្ថុ ត្រូវបានរៀបចំ និងអភិវឌ្ឍទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញវត្ថុសិល្បៈ និងបុរាណវត្ថុនានា ដែលប្រមូលបានពីប្រាសាទ ទួលប្រាសាទ និងទួលគ្រឹះប្រាសាទនានា នៅទូទាំងខេត្តស្វាយរៀង។ ការអភិវឌ្ឍសារមន្ទីរនេះ ទទួលបានការគាំទ្រពីថវិការបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង ព្រមទាំងការឧបត្ថម្ភពីសប្បុរសជនក្នុងខេត្តស្វាយរៀង។
បន្ទាប់មក លោក ឡាយសុខា ក៏បាន ប្រគល់ប័ណ្ណសរសើរនិងប្រគល់វិញ្ញាបនបត្រដល់លោកគ្រូអ្នកគ្រូដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលរបាំជូនពររបាំនារីកម្ពុជារបាំគោះត្រឡោកនិងរបាំគែនសម្រាប់សិស្សជំនាន់ទី១ឆ្នាំ២០២៦ យ៉ាងភាពស្និតស្នាលផងដែរ៕
ដោយ៖ សុថាន










