ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចចំការមន។
គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសម្តេចរដ្ឋសភាធិបតី ផ្ទាល់ បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។
គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចអគ្គមហាពញាចក្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានឆ្លៀតពេលវេលា ចូលជួបសាកសួរសុខទុក្ខសម្តេចផ្ទាល់ និងសម្តេចធម្មវិសុទ្ធវង្សា ដល់គេហដ្ឋាន និងជូនសព្ទសាធុការពរជ័យ ដល់សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា និងសមាជិកសមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទាំងអស់ សមប្រកបដោយពុទ្ធទាំង៤ប្រការ ដើម្បីបន្តដឹកនាំស្ថាប័ននីតិប្បញត្តិ-រដ្ឋសភា ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភាព និងប្រជាជន៕
ដោយ ៖ សិលា










