ខេត្តកំពត៖ មន្ត្រីនគរបាលដងទង់បានឱ្យដឹងនៅថ្ងៃទី ០៤ ខែកក្កដា នេះថា កម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចសត្វគោ នៅចំណុចភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៤០ នាទី។
ជនសង្ស័យឈ្មោះ សាន់ ហាំម៉ាន់ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ ចង្អើរ ខេត្តកែប។ ជនរងគ្រោះ ឈ្មោះ ស៊ឹម ស្រីមុំ ភេទស្រី អាយុ ៥៤ ឆ្នាំ រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជា ខាងជើង ស្រុកដងទង់ ខេត្តកំពត។ (ម្ចាស់គោញី សម្បុរស ដែលចងឱ្យស៊ីស្មៅក្នុងចម្ការស្វាយ)។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃចំនួន ០២ គ្រឿង រួមមាន៖
១. ម៉ាក OPPO A5X ពណ៌ប្រាក់ (លេខទូរស័ព្ទ 071 7556755)
២. ម៉ាក OPPO A15 ពណ៌ខ្មៅ (លេខទូរស័ព្ទ 081 410598)
ក្រោយពីសាកសួរចម្លើយយ៉ាងដិតដល់ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចសត្វគោករណីផ្សេងទៀត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០ នាទីព្រឹក នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
ម្ចាស់គោរងគ្រោះទី២ឈ្មោះ សែម អុល ភេទប្រុស អាយុ ៥៥ ឆ្នាំ (បាត់គោញីសម្បុរសលាយក្រហមព្រឿង)។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










