ក្រុមហ៊ុន Apple គ្រោងចំណាយជាង 30 ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងផ្គត់ផ្គង់បន្ទះឈីនរយៈពេលច្រើនឆ្នាំជាមួយក្រុមហ៊ុន Broadcom ដើម្បីបង្កើនការផ្គត់ផ្គង់ពីក្នុងសហរដ្ឋអាមេរិក ខណៈរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump កំពុងជំរុញការផលិតបន្ទះឈីបក្នុងស្រុក។
បន្ទាប់ពីព័ត៌មាននេះត្រូវបានប្រកាស តម្លៃភាគហ៊ុនរបស់ Broadcom បានកើនឡើងជាង 4% ខណៈភាគហ៊ុនរបស់ Apple បានធ្លាក់ចុះបន្តិច។
Apple បានឱ្យដឹងនៅថ្ងៃពុធថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីដើមសប្តាហ៍នេះ និងមានសុពលភាពរហូតដល់ឆ្នាំ 2031។
កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើការផលិត FBAR Filters ដែលជាបន្ទះឈីបប្រេកង់វិទ្យុ ប្រើសម្រាប់ការភ្ជាប់ឥតខ្សែ នៅក្នុងឧបករណ៍របស់ Apple។ Apple បានអភិវឌ្ឍបច្ចេកវិទ្យានេះជាមួយ Broadcom តាំងពីយ៉ាងហោចណាស់ឆ្នាំ 2023។
ក្រុមហ៊ុន Broadcom នឹងវិនិយោគ 1.5 ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួននៅទីក្រុង Fort Collins រដ្ឋ Colorado។ Apple បញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងអាចផលិតបន្ទះឈីបបានយ៉ាងហោចណាស់ 15 ពាន់លានគ្រាប់ និងគាំទ្រការខិតខំរបស់រដ្ឋបាល Trump ក្នុងការបង្កើនការប្រើប្រាស់គ្រឿងបន្លាស់ផលិតក្នុងសហរដ្ឋអាមេរិក។
នាយកប្រតិបត្តិ Apple លោក Tim Cook បាននិយាយថា៖ «សមាសធាតុបច្ចេកវិទ្យាទំនើបដែលផលិតនៅ Fort Collins មានសារៈសំខាន់ក្នុងការផ្តល់នូវសមត្ថភាព និងការភ្ជាប់ដែលអតិថិជនរបស់យើងរំពឹងទុក។ យើងមានមោទនភាពក្នុងការពង្រីកការវិនិយោគលើអ្នកផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលចែករំលែកការប្តេជ្ញាចិត្តដូចគ្នាចំពោះគុណភាព និងនវានុវត្តន៍៕»










