សម្តេចតេជោ៖ ប្រសិនបើនាយករដ្ឋមន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាចបញ្ចប់បានទេ?

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖ ថ្លែង​ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភា មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ​ សម្តេចតេជោ ហ៊ុន សែន បានលើកឡើង​ពាក់ព័ន្ធនឹងការបែកបាក់ផ្ទៃក្នុងនៃជាតិ​កម្ពុជា​រយៈពេលប្រមាណ៣ទសវត្សរ៍។ សម្តេចតេជោ បាន​ចោទសំណួរថា ប្រសិនបើ​នាយករដ្ឋ​មន្ត្រី មិនមែនជា «ហ៊ុន សែន» តើសង្គ្រាមនៅកម្ពុជា អាច​បញ្ចប់បានទេ?

សម្ដេចតេជោ​ បានថ្លែង​បញ្ជាក់ថា​ កម្ពុជា បានពើបប្រទះនឹងការបែកបាក់ផ្ទៃក្នុងជាតិឆាបឆេះជាភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេល​ប្រមាណជា៣ទសវត្សរ៍។ នៅចុងឆ្នាំទសវត្សរ៍ឆ្នាំ១៩៨០ កម្ពុជាគ្រប់ភាគី បានបើកការចរចា​គ្នា​ដើម្បីស្វែងរកការបិទបញ្ចប់ជម្លោះ។ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេច​តេ​ជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងកិច្ចចរចាបញ្ចប់ជម្លោះរ៉ាំរ៉ៃនេះ។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ បានថ្លែងថា​ តាមរយៈការចរចាច្រើនលើក កម្ពុជា ឈានទៅរកឃើញនូវពន្លឺនៃការបញ្ចប់ជម្លោះតាមរយៈ​កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ កិច្ចព្រមព្រៀងនេះ បានបើកផ្លូវឱ្យក​ម្ពុ​ជា រៀបចំការបោះឆ្នោត បង្កើតឡើងវិញនូវរាជរដ្ឋាភិបាល រដ្ឋធម្មនុញ្ញ និងនាំមកវិញនូវរបបរាជា​និយម។ អ្វីដែលកម្ពុជាសម្រេចក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលានេះ មិន​អាចបញ្ចប់បានទាំងស្រុងនៃសង្គ្រាម និងការបែបបាក់ជាតិនោះឡើយ ព្រោះថាក្រុមខ្មែរ​ក្រហម​នៅ​តែជ្រកក្នុងព្រៃ ហើយធ្វើសកម្មភាពប៉ុនប៉ងមកកាន់អំណាច។

ដើម្បីបញ្ចប់កម្លាំងខ្មែរក្រហមជ្រកក្នុងព្រៃ ដែលជាលឧបសគ្គធំក្នុងកិច្ចអភិវឌ្ឍជាតិ សម្តេច​តេជោ ហ៊ុន សែន បានដាក់ចេញនយោបាយឈ្នះ-ឈ្នះ ដោយចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ១៩៩៦ ផ្តើមចេញពីខេត្តកំពង់ស្ពឺ។ នយោបាយឈ្នះ-ឈ្នះ ដែលប្រៀបដូចឱសថពីឋានសួគ៌ ក៏បានព្យា​បាលជំងឺបែកបាក់ជាតិរបស់កម្ពុជា ឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨។
ផ្តើមចេញពីការបញ្ចប់សង្គ្រាមទាំងស្រុងនាឆ្នាំ១៩៩៨នោះហើយ ធ្វើឱ្យកម្ពុជា មានឱកាសពេញ​លេញក្នុងកិច្ចកសាងជាតិ។ ប្រសិនបើសង្គ្រាមមិនបញ្ចប់ទេ កម្ពុជា នឹងត្រូវចំណាយពេលវេលាច្រើនលើបញ្ហាសង្គ្រាម ហើយទាញទម្លាក់នូវកិច្ចអភិវឌ្ឍប្រទេស។

...

ជាមួយគ្នានេះ​ សម្តេចតេជោ បានថ្លែងថា សម្តេចពេញចិត្តនឹងអ្វីដែលសម្តេចសម្រេចបានសម្រាប់​ជាតិ និងប្រជាជនកម្ពុជា តាមរយៈការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយ​ដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យជាច្រើននាំនាវាកម្ពុជាមកកាន់ត្រើយនៃវឌ្ឍនភាព​ដូច​ពេលបច្ចុប្បន្ននេះ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print