Bruce Cheung មហាសេដ្ឋីម្ចាស់កសិដ្ឋានសាច់គោ Wagyu ចាប់ផ្តើមជីវិតថ្មីនៅវ័យ 60 ឆ្នាំ

ចែករំលែក៖

លោក Bruce Cheung កើតនៅហុងកុង បានកសាងទ្រព្យសម្បត្តិយ៉ាងច្រើនពីអាជីវកម្ម Duty-Free មុនក្លាយជាពលរដ្ឋសិង្ហបុរី ហើយនៅជិតអាយុ 60 ឆ្នាំ លោកបានចាប់ផ្តើមអាជីវកម្មថ្មី ដោយបង្កើតកសិដ្ឋានចិញ្ចឹមគោ Wagyu ដែលទទួលបានជោគជ័យយ៉ាងខ្លាំង។

 

លោកកើតនៅឆ្នាំ 1954 ក្នុងគ្រួសារធំមួយ។ ឪពុករបស់លោក ដែលជាកូនប្រុសច្បងរបស់ជាងផលិតគ្រឿងផ្តៅពីខេត្ត Guangdong បានផ្លាស់ទៅរស់នៅហុងកុង និងវិនិយោគក្នុងហាងទំនិញមួយនៅ Causeway Bay ដែលដំណើរការអស់រយៈពេល 38 ឆ្នាំ។

 

ក្តីស្រមៃតាំងពីកុមារ

 

កាលនៅក្មេង រាល់ពេលទទួលបានពិន្ទុល្អ ឪពុកម្តាយតែងនាំលោកទៅញ៉ាំអាហារជប៉ុន។ នៅទីនោះ លោកបានស្គាល់ម្ហូប Sukiyaki ដែលប្រើសាច់គោស្តើងៗ។

 

លោករំលឹកថា៖ «សាច់គោនោះរលាយក្នុងមាត់ ហើយធ្វើឱ្យខ្ញុំស្រមៃថា ថ្ងៃណាមួយ ខ្ញុំចង់អាចញ៉ាំវារាល់ថ្ងៃ និងឱ្យគ្រួសារខ្ញុំបានញ៉ាំដែរ»។

 

ពីអ្នកហិរញ្ញវត្ថុ ទៅអ្នកជំនួញធំ

 

ក្រោយទៅសិក្សានៅសហរដ្ឋអាមេរិក និងទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ លោកបានផ្លាស់មករស់នៅ សិង្ហបុរី។

 

នៅទីនោះ លោកបានរួមបង្កើត ក្រុមហ៊ុន China International Duty Free Group ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ស្របពេលសេដ្ឋកិច្ចចិនកំពុងរីកចម្រើន ដោយមានចំណុចលក់ជាង 100 កន្លែង នៅអាកាសយានដ្ឋាន នាវាទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍។

 

លោកបានក្លាយជាពលរដ្ឋសិង្ហបុរីនៅឆ្នាំ 1998។

 

ចាប់ផ្តើមជីវិតថ្មីនៅវ័យ 60 ឆ្នាំ

ជំនួសឱ្យការចូលនិវត្តន៍ដោយលេងហ្គោល និងផឹកតែ លោកបានសម្រេចចិត្តទិញកសិដ្ឋាននៅ អូស្ត្រាលី ដើម្បីចិញ្ចឹមគោ។

 

លោកនិយាយថា៖ «ខ្ញុំមិនធ្លាប់ធ្វើកសិកម្មសូម្បីតែមួយថ្ងៃ។ ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមយ៉ាងម៉េចទេ»។

 

លោកបានជួលរថយន្ត បើកបរជាច្រើនសប្តាហ៍ ទៅមើលកសិដ្ឋានជាច្រើន មុនសម្រេចទិញ Pardoo Station ទំហំ 200,000 ហិកតា ក្នុងឆ្នាំ 2015 ក្នុងតម្លៃ 13 លានដុល្លារអូស្ត្រាលី (ប្រហែល 9 លានដុល្លារអាមេរិក)។

 

វិនិយោគជាង 100 លានដុល្លារ

លោកជឿជាក់ថា ប្រភពទឹកក្រោមដីដ៏ធំអាចគាំទ្រការចិញ្ចឹមគោបាន ហើយក្រោយទទួលបានការអនុម័តពីរដ្ឋាភិបាល Western Australia លោកបានវិនិយោគពី 15 លានដុល្លារអូស្ត្រាលី រហូតកើនដល់ជាង 100 លានដុល្លារអូស្ត្រាលី។

 

កសិដ្ឋានរបស់លោកក៏ជាកន្លែងដំបូងៗ ដែលប្រើប្រព័ន្ធ Pivot Irrigation ដើម្បីដាំស្មៅសម្រាប់ចិញ្ចឹមគោ Wagyu ពេញមួយឆ្នាំ នៅតំបន់ស្ងួតខ្លាំង។

 

លោកបាននិយាយថា៖ «យើងចង់ផលិតសាច់ដែលមានរសជាតិល្អបំផុត និងឆ្លើយតបតាមតម្រូវការទីផ្សារ»។

 

ទទួលបានជោគជ័យលើពិភពលោក

ក្នុងរយៈពេល 10 ឆ្នាំ កន្លងមក Pardoo Wagyu បាននាំចេញទៅកាន់ 15 ប្រទេស និងឈ្នះពាន World’s Best Grain-Fed Sirloin នៅកម្មវិធី World Steak Challenge ឆ្នាំមុន។

 

បច្ចុប្បន្ន កសិដ្ឋានមានគោប្រមាណ 40,000 ក្បាល ហើយលោកមានគោលដៅបង្កើនដល់ 65,000–70,000 ក្បាល។

 

ប្រឈមឧបសគ្គធំៗ

 

អាជីវកម្មនេះក៏ជួបបញ្ហាជាច្រើនដូចជា៖

ភ្លើងឆេះ

គ្រោះរាំងស្ងួត

ទឹកជំនន់

ព្យុះស៊ីក្លូន

ជំងឺសត្វ

ឆ្នាំ 2023 ព្យុះស៊ីក្លូនដ៏ខ្លាំងមួយ បានបំផ្លាញ 95% នៃកន្លែងចិញ្ចឹមគោ និងអគារស្នាក់នៅរបស់បុគ្គលិកទាំងអស់។

ទោះជាយ៉ាងណា លោកមិនបោះបង់ឡើយ។

 

លោកនិយាយថា៖ «បើអ្នកមិនរឹងមាំ និងមានការតស៊ូគ្រប់គ្រាន់ទេ អ្នកនឹងមិនអាចសម្រេចអ្វីបានឡើយ»។

 

បេសកកម្មរយៈពេលវែង

...

 

លោក Bruce Cheung ចង់ឱ្យ Pardoo Wagyu ក្លាយជាអាជីវកម្មដែលបន្តពីជំនាន់មួយទៅជំនាន់មួយ ហើយចង់បង្ហាញថា៖ «ខ្ញុំចង់ឱ្យមនុស្សទទួលស្គាល់ថា ប្រជាជនសិង្ហបុរីក៏អាចធ្វើកសិកម្មបានដែរ។ នេះមិនមែនជាគម្រោងរយៈពេលខ្លីទេ ប៉ុន្តែជាមរតកសម្រាប់ជំនាន់ក្រោយ៕»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print