ភ្នំពេញ៖ យោងតាមប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ម្ចាស់អាជីវកម្មជាច្រើនហត់នឿយ និងរារែកចិត្តក្នុងការវិនិយោគ ដោយបានបង្ហាញពីភាពស្មុគស្មាញនៃនីតិវិធីបើកសិប្បកម្មផលិតសាប៊ូនៅកម្ពុជា ដោយអះអាងថា ត្រូវឆ្លងកាត់រហូតដល់ ៩ ក្រសួង និង ១៤ នីតិវិធី ដែលធ្វើឲ្យម្ចាស់អាជីវកម្មជាច្រើនហត់នឿយ និងរារែកចិត្តក្នុងការវិនិយោគ។
ជាក់ស្ដែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកបង្កើតម៉ាកយីហោល្បីឈ្មោះម្នាក់ បានលើកឡើងថា នេះជាបទពិសោធន៍ផ្ទាល់ដែលលោកកំពុងជួបប្រទះ ខណៈរៀបចំបើកសិប្បកម្មសាប៊ូក្នុងស្រុក។ ទោះខិតខំបំពេញឯកសារគ្រប់ជំហាន ក៏នៅតែមិនប្រាកដថា “គ្រប់គ្រាន់” នៅឡើយ។
បើតាមការលើកឡើង ក្រសួង និងស្ថាប័នដែលត្រូវឆ្លងកាត់មានដូចជា ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងដែនដី, ក្រសួងបរិស្ថាន, ក្រសួងសុខាភិបាល, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និង ក្រសួងឧស្សាហកម្ម។ ក្រៅពីនេះ ក៏នៅមានការពាក់ព័ន្ធនឹង វិទ្យាស្ថានស្តង់ដារ, សភាពាណិជ្ជកម្មកម្ពុជា, ការនាំចូលវត្ថុធាតុដើម, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធលូ, សំរាម, អគ្គិភ័យ និងសន្តិសុខ ផងដែរ។
អ្វីដែលធ្វើឲ្យម្ចាស់អាជីវកម្មហួសចិត្ត គឺនីតិវិធីខ្លះមានភាពស្មុគស្មាញ និងមិនសូវច្បាស់លាស់។ ពេលខ្លះ ខ្វះឯកសារតែបន្តិចបន្តួច ក៏ត្រូវត្រឡប់ទៅកែសម្រួល ឬបំពេញឡើងវិញជាច្រើនដង។
យ៉ាងណាមិញ មហាជនមួយចំនួនបានលើកឡើងថា សម្រាប់សិប្បកម្មក្នុងស្រុក ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម រដ្ឋគួរតែសម្រួលនីតិវិធីឲ្យងាយស្រួលជាងនេះ ដើម្បីជំរុញការផលិតក្នុងស្រុក និងកុំឲ្យអ្នកចង់វិនិយោគបាក់ទឹកចិត្ត ឬបោះបង់គម្រោងនៅពាក់កណ្តាលផ្លូវ។
គួរបញ្ជាក់ថា បញ្ហានីតិវិធីស្មុគស្មាញក្នុងការបើកសិប្បកម្ម ឬអាជីវកម្មផលិតកម្មនៅកម្ពុជា មិនមែនជារឿងថ្មីនោះទេ ខណៈកន្លងមក វាតែងតែរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកចង់វិនិយោគក្នុងវិស័យផលិតកម្មក្នុងស្រុកជាបន្តបន្ទាប់៕ដោយ៖តារា
ប្រភពហ្វេសប៊ុក










