ភ្នំពេញ ៖ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខថៃ លោក Surachart Bamrungsuk ថ្មីៗនេះ បានលើកឡើងពីចំណុចដ៏សំខាន់មួយដែលស្ទើរតែត្រូវបានគេបំភ្លេចចោលនៅក្នុងសង្គមថៃ នោះគឺខ្លឹមសារនៃសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឆ្នាំ១៩៦២ អំពីករណីប្រាសាទព្រះវិហារ។ សាលក្រមនេះ មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រចាស់ដែលសង្គមថៃស្ទើរតែគ្មាននរណាចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញវាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្ន។
តុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងសំខាន់បំផុតនៃការកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋ គឺដើម្បីសម្រេចបាននូវសន្តិសុខ ភាពប្រាកដប្រជា និងភាពច្បាស់លាស់។ ប្រសិនបើខ្សែបន្ទាត់ព្រំដែនដែលត្រូវបានកំណត់ជាក់ច្បាស់រួចហើយ ប៉ុន្តែត្រូវបានគេជំទាស់ ឬទាមទារឲ្យមានការកែប្រែបានគ្រប់ពេលវេលានោះ, ការតវ៉ារបៀបនេះ ច្បាស់ជានឹងអាចកើតមានឡើងជាបន្តបន្ទាប់គ្មានទីបញ្ចប់នោះឡើយ ពោលគឺ ខ្សែបន្ទាត់ព្រំដែន មិនអាចត្រូវបានជជែកវែកញែក ឬទាមទារឲ្យកែប្រែគ្រប់ពេលវេលាបានឡើយ។
កន្លងមក ប្រទេសថៃបានចូលរួមដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំនួនពីរលើករួចមកហើយ គឺនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ហើយរដ្ឋាភិបាលថៃក៏បានទទួលយកសាលក្រមទាំងពីរលើកនោះផងដែរ។ ដូច្នេះ ការបង្កើតលក្ខខណ្ឌដែលអាចនាំឱ្យមានសំណុំរឿងជាលើកទីបី គឺជាហានិភ័យដែលថៃមិនគួរប្រថុយឡើយ។ លោក Surachart Bamrungsuk បានព្រមានថា ការពឹងផ្អែកលើអំណាចយោធា និងការជំរុញមនោសញ្ចេតនាជាតិនិយមហួសហេតុ ជាជាងការដោះស្រាយវិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ អាចធ្វើឱ្យថៃស្ថិតក្នុងស្ថានភាពចាញ់ប្រៀបទាំងផ្នែកនយោបាយ និងផ្នែកច្បាប់អន្តរជាតិ។ផ្ទុយទៅវិញ រាល់បញ្ហាព្រំដែនដែលមិនច្បាស់លាស់ ជាពិសេសបណ្តាលមកពីការប្រែប្រួលនៃភូមិសាស្ត្រធម្មជាតិ គួរតែត្រូវបានដោះស្រាយតាមរយៈយន្តការចរចាបច្ចេកទេសដែលមានស្រាប់ ដូចជាគណៈកម្មការព្រំដែនរួម (JBC), គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC), គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) ជាដើម មិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ។
ជាការពិត ច្បាប់អន្តរជាតិ មិនអនុញ្ញាតឲ្យរដ្ឋណាមួយប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្តូរព្រំដែនដើមនោះឡើយ ហើយទោះបីជាអាចដណ្តើមកាន់កាប់ទឹកដីបានបណ្តោះអាសន្នក្តី ក៏នៅទីបំផុតទៅ នៅតែត្រូវដកថយមករកខ្សែបន្ទាត់ដើមវិញដដែល។ ករណីវិវាទព្រំដែនប្រទេសនិងប្រទេស បើយើងធៀបឲ្យសាមញ្ញទៅ គឺដូចជាវិវាទរបងផ្ទះរបស់បុគ្គលម្នាក់ៗ ដែលចុងក្រោយត្រូវដោះស្រាយដោយការវាស់វែងដីធ្លីទៅតាមឯកសារស្របច្បាប់ មិនមែនដោយការប្រើប្រាស់កម្លាំងនោះឡើយ។
អ្វីដែលល្អបំផុតសម្រាប់ប្រទេសថៃនាពេលនេះ គឺការចូលរួមដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជាតាមមធ្យោបាយសន្តិវិធី ដោយជៀសវាងការប្រើប្រាស់កម្លាំងយោធា ដែលអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ការផ្តល់អាទិភាពដល់ការចរចា និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ នឹងជួយកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យប្រទេសទាំងពីរផ្តោតលើការឆ្លើយតបនឹងបញ្ហាភូមិសាស្ត្រនយោបាយសកលដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ មិនមែនជារឿងអតីតកាលដែលគួរបំភ្លេចនោះទេ ប៉ុន្តែជាមេរៀនដ៏សំខាន់មួយ ដែលបញ្ជាក់ថា ព្រំដែនរវាងរដ្ឋត្រូវតែគោរពស្របតាមសន្ធិសញ្ញា និងផែនទីដែលភាគីទាំងពីរបានព្រមព្រៀង ហើយវិវាទព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈច្បាប់អន្តរជាតិ និងការចរចាដោយសន្តិវិធី មិនមែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះឡើយ។ ការគោរពគោលការណ៍ទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់រក្សាស្ថិរភាពព្រំដែន និងកសាងសន្តិភាពប្រកបដោយចីរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ សុខ សុវណ្ណ










