ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមានបុរសជាជនជាតិចិនម្នាក់បានឡើងទៅលើអគារមួយកន្លែងប៉ុនប៉ងលោតសម្លាប់ខ្លួន តែត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញយករថយន្តពន្លត់អគ្គិភ័យមានដងសន្ទូចវែងមកជួយសង្រ្គោះទាន់ពេល។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានឃើញបុរសជនជាតិចិនមួយរូបនោះបានដើរចេញពីបន្ទប់ក្នុងអគារកើតហេតុខាងលើ រួចមកឈរស្រែកតែម្នាក់ឯងនៅក្បែរច្រកមាត់បង្អួច។ ពេលឃើញដូច្នេះប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំបញ្ចេញរថយន្តពន្លត់អគ្គិភ័យដែលមានកញ្រ្ចែងនិងដងស្ទូចវែងដើម្បីមកជួយជនជាតិចិនរូបនោះ ហើយបន្ទាប់មកក៏បានជួយដាក់ជនជាតិចិននោះមកក្រោមដោយសុវត្ថិភាពនិងដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
បន្ទាប់ពីសមត្ថកិច្ចជំនាញជួយសង្គ្រោះជនជាតិចិនរូបនោះដោយបានដាក់មកក្រោមហើយក៏ដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរដ្ឋភ្លាមៗ៕
ដោយ ៖ ភារ៉ា ដង្កោ










