នាយឧត្តមសេនីយ៍ វង្ស ពិសេន អរគុណវៀតណាមចំពោះការរួមចំណែកជាអ្នកសង្កេតការណ៍ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ បានប្រគល់ប័ណ្ណសរសើរដល់នាយទាហានរបស់វៀតណាម ដែលជាសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាននៅក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោកបានអរគុណវៀតណាមចំពោះការរួមចំណែកនេះ ដើម្បីរក្សាសន្តិភាពក្នុងតំបន់។

ទាហានវៀតណាមដែលទទួលប័ណ្ណសរសើរនេះ គឺវរសេនីយ៍ឯក ង៉ូ ស៊ុន ជឿង និងវរសេនីយ៍ឯកបម្រុង បៀវ ស៊ុន យឿង ខណៈដែលនាយទាហានទាំងពីរត្រូវបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួននៅកម្ពុជា។​ ការលើកឡើងក្នុងពិធីប្រគល់ប័ណ្ណសរសើរដែលធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងកងទ័ពវៀតណាម ដែលបានគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាក្រុមអ្នកសង្កេតការណ៍អាស៊ាននៅកម្ពុជា ក្នុងស្មារតីសាមគ្គីភាព និងទំនួលខុសត្រូវរួមរបស់គ្រួសារអាស៊ាន។

លោកនាយឧត្តមសេនីយ៍ បានរំលេចពីចំណងមិត្តភាពកម្ពុជា និងវៀតណាម ដែលជាប្រទេសជិតខាងគ្នា មានប្រវត្តិសហការជួយគ្នាទៅវិញទៅមក ទាំងក្នុងសម័យសង្គ្រាម និងសន្តិភាព។ ចំពោះក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ លោក ថា ការចូលរួមរបស់វៀតណាមក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន។

លោកអគ្គមេបញ្ជាការ ក៏បានកោតសរសើរចំពោះការលះបង់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងអស់ ដែលបានត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងប្រទេសកំណើត ដើម្បីចូលរួមកសាងសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងក្នុងតំបន់អាស៊ានផងដែរ។

គួរកត់សម្គាល់ថា កម្ពុជាតែងតែបានផ្តល់ការគាំទ្រដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាថាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃ ត្រូវបានអនុវត្តពេញលេញ និងដោយប្រសិទ្ធភាព។

...

គួរជម្រាបជូនថា​ បន្ទាប់ពីម៉ាឡេស៊ី បច្ចុប្បន្នប្រទេសហ្វីលីពីន ដែលជាប្រធានប្ដូរវេនអាស៊ាន បានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាននេះ ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print