Kylian Mbappe ថាបារាំង «លេងធូររលុង» ក្រោយចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

អាលីងតុន (Arlington), តិចសាស់៖ កីឡាករ Kylian Mbappe បានផ្តល់ការវាយតម្លៃយ៉ាងត្រង់ៗជុំវិញការធ្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup របស់បារាំងកាលពីថ្ងៃអង្គារ ដោយបាននិយាយថា ក្រុមរបស់ខ្លួនលេង «ធូររលុង» ខ្លាំងណាស់ រហូតមិនអាចរារាំងអេស្ប៉ាញពីការគ្រប់គ្រងការប្រកួត និងយកឈ្នះក្នុងលទ្ធផល ២-០ នៅក្នុងទីក្រុង Arlington រដ្ឋតិចសាស់ បានឡើយ។

 

ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ បានចង្អុលបង្ហាញពីការបែកបាក់ទាំងលើផែនការលេង និងការអនុវត្តនៅលើទីលាន បន្ទាប់ពីក្រុមរហស្សនាមមាន់គក ត្រូវបានរារាំងមិនឱ្យឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីបីជាប់ៗគ្នា។ អេស្ប៉ាញបានឈ្នះដោយមានកីឡាករច្រើនជាងនៅតំបន់បម្រើជាបន្តបន្ទាប់ ដែលធ្វើឱ្យកីឡាករ Rodri និង Fabian Ruiz មានពេលវេលា និងលំហទំនេរគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបាល់ និងបញ្ជាការលេង។

 

Mbappe បាននិយាយថា៖ «យើងលេងទប់បីទល់នឹងពីរនៅតំបន់បម្រើ ហើយការតទល់នឹងអេស្ប៉ាញបែបនេះគឺពិតជាពិបាកណាស់។ Fabian និង Rodri មានពេលលេងច្រើនណាស់។ យើងមានការខ្វះខាតក្នុងការប្រាស្រ័យទាក់ទងគ្នានៅពេលដេញតាមដណ្តើមបាល់ (Press)។ ខ្ញុំគិតថាយើងគួរតែដេញតាមដណ្តើមបាល់បែបបុគ្គលម្នាក់ទល់ម្នាក់ (Man-to-man press) ហើយបង្ខំឱ្យពួកគេរត់ដេញតាមយើងវិញ»។

 

បារាំងបានឈានជើងចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដោយបានយកឈ្នះការប្រកួត ៦ លើកដំបូង និងរកបាន ១៦ គ្រាប់ ប៉ុន្តែបានជួបការលំបាកយ៉ាងខ្លាំងក្នុងការបង្កើតការវាយប្រហារតទល់នឹងអេស្ប៉ាញ។ កីឡាករ Mikel Oyarzabal បានស៊ុតបាល់ប៉េណាល់ទីសម្រេចទីនៅនាទីទី ២២ បន្ទាប់ពី Lucas Digne បានបង្កកំហុសទៅលើ Lamine Yamal ហើយកីឡាករ Pedro Porro បានបន្ថែមគ្រាប់នាំមុខទ្វេដងនៅមុនម៉ោងកន្លះនៃការប្រកួតបន្តិច។

 

Mbappe បាននិយាយថា ផែនការរបស់បារាំងគឺការដាក់សម្ពាធឱ្យខ្ពស់ទៅលើទីលាន និងរារាំងអេស្ប៉ាញមិនឱ្យលេងទម្រង់គ្រប់គ្រងបាល់ដែលពួកគេចូលចិត្ត។ ប៉ុន្តែផ្ទុយទៅវិញ អេស្ប៉ាញបានទម្លុះការការពារដេញដណ្តើមបាល់នោះជាទៀងទាត់ ហើយបានដណ្តើមបាល់មកវិញយ៉ាងលឿនរាល់ពេលដែលបារាំងទើបតែដណ្តើមបាល់បានមួយភ្លែត។

 

Mbappe បានបន្ថែមថា៖ «យើងមិនបានលេងតាមទម្រង់ដែលយើងចង់បាននោះទេ ទាំងបច្ចេកទេស និងយុទ្ធសាស្ត្រ។ នៅពេលដែលអ្នកមិនបានធ្វើអ្វីដែលអ្នកត្រូវធ្វើនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នោះអ្នកនឹងមិនអាចឈ្នះឡើយ»។

 

ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ ក៏បានរិះគន់លើការលេងបាល់របស់ក្រុមខ្លួនផងដែរ ដោយបាននិយាយថា ការគ្រប់គ្រងបាល់ជំហានដំបូង (First touches) មិនបានល្អ និងការខកខានឱកាសនានា បានរារាំងក្រុមរបស់លោកមិនឱ្យសាកល្បងសមត្ថភាពតំបន់ការពាររបស់អេស្ប៉ាញ នៅពេលដែលឱកាសបើកចំហកើតឡើង។

 

Mbappe បាននិយាយថា៖ «យើងលេងធូររលុងពេកផ្នែកបច្ចេកទេស។ យើងមិនអាចធ្វើឱ្យពួកគេរងរបួសនៅពេលដែលយើងមានឱកាសធ្វើបាននោះទេ»។

 

លោកគ្រូបង្វឹក Didier Deschamps បានព្យាយាមផ្លាស់ប្តូរការប្រកួតដោយការដកកីឡាករ Adrien Rabiot ចេញនៅម៉ោងសម្រាក ហើយក្រោយមកបានដាក់កីឡាករ Desire Doue និង Rayan Cherki ចូលលេង។ ការផ្លាស់ប្តូរទាំងនេះបានធ្វើឱ្យប៉ះពាល់តិចតួចប៉ុណ្ណោះដល់ការគ្រប់គ្រងរបស់អេស្ប៉ាញ ហើយ Mbappe ត្រូវបានគេទប់មិនឱ្យរកគ្រាប់បាល់បានឡើយ បន្ទាប់ពីបានចូលរួមការប្រកួតដោយមានស្ថិតិ ៨ គ្រាប់នៅក្នុងព្រឹត្តិការណ៍នេះ។

 

បច្ចុប្បន្ន រូបគេនៅតែបន្តឈរស្មើជាមួយកីឡាករ Lionel Messi របស់អាហ្សង់ទីន ក្នុងការនាំមុខដណ្តើមពានរង្វាន់ស្បែកជើងមាស (Golden Boot)។ Mbappe ក៏ធ្លាប់រកបាន ៨ គ្រាប់ផងដែរនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅពេលដែលបារាំងបានចាញ់អាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី។

 

Mbappe បាននិយាយថា៖ «ក្នុងនាមជាប្រធានក្រុម ខ្ញុំត្រូវទទួលខុសត្រូវរាល់លទ្ធផលទាំងអស់ ហើយខ្ញុំគ្មានបញ្ហាជាមួយរឿងនោះទេ។ យើងចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែយើងធ្វើមិនបានសម្រេច»។

...

 

បច្ចុប្បន្ន បារាំងត្រូវត្រៀមខ្លួនទៅប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣ នៅថ្ងៃសៅរ៍ខាងមុខ នៅក្នុងទីក្រុង Miami Gardens រដ្ឋផ្លរីដា ដោយត្រូវជួបជាមួយក្រុមដែលចាញ់នៅក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងអង់គ្លេសនៅថ្ងៃពុធនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print