អ្នកនាំពាក្យក្រសួងការងារ យល់ពី RPL មានអត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យលើកទឹកចិត្តដល់អតីតពលករខ្មែរមកពីប្រទេសថៃ ដើម្បីទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ដោយឥតគិតថ្លៃលើ ៨មុខជំនាញក្នុងវិស័យសំណង់ចាប់ពីខែមេសា ឆ្នាំ២០២៦តទៅ។

 

RPL គឺមកពីពាក្យពេញជាភាសាខ្មែរថា «កម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន ហៅកាត់ថា RPL ហើយជាភាសាអង់គ្លេសហៅថា «Recognition of Prior Learning (RPL)» គឺសំដៅដល់ការទទួលស្គាល់ និងផ្តល់សុពលភាពលើសមត្ថភាពសម្រាប់គោលបំណងនៃការធ្វើវិញ្ញាបនប័ត្រ ដែលបានពីក្រៅប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលផ្លូវការ។

 

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ចំពោះអត្ថប្រយោជន៍របស់ RPL គឺទទួលស្គាល់ចំណេះជំនាញ និងបទពិសោធន៍របស់អតីតពលករខ្មែរដែលធ្លាប់ធ្វើការងារក្នុងវិស័យសំណង់លើ ៨មុខជំនាញ ដើម្បីជួយពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកការងារសមរម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។

 

លោកអ្នកនាំពាក្យរូបនេះ បានបន្តថា កម្មវិធីនេះផ្ដល់វិញ្ញាបនប័ត្របញ្ជាក់ជំនាញដល់អតីតពលករ ក៏ជាផ្នែកមួយជួយដល់វិស័យឯកជនក្នុងការលើកកម្ពស់គុណភាពកម្លាំងពលកម្មក្នុងវិស័យសំណង់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លើសពីនេះ វិស័យឯកជន ក៏ទទួលបានបុគ្គលិកដែលមានជំនាញច្បាស់លាស់ ត្រឹមត្រូវតាមស្តង់ដា និងមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នរដ្ឋ។

 

មុខជំនាញទាំង៨ ដែលត្រូវបានទទួលស្គាល់រួមមាន ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី ដែលជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

 

បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា៖«ខ្ញុំនៅតែអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកវិញ រួសរាន់មកចុះឈ្មោះវាយតម្លៃជំនាញដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ ក្នុងការប្រលូកចូលក្នុងទីផ្សារការងារក្នុងស្រុកប្រកបដោយភាពជឿជាក់ ប្រើប្រាស់លទ្ធផលនៃការវាយតម្លៃនេះ»។

...

 

ចំពោះការធ្វើតេស្ដនេះ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង(RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង(BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ(RPITST) ខេត្តតាកែវ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print