នៅរដ្ឋធានីប៉េកាំង៖ លោក Zhou Chaoyong (ចូវ ឆាវយ៉ុង) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿងដ៏ល្បី (Chief Director) ប្រចាំអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) កោតសរសើរពីប្រវត្តិសាស្រ្តកម្ពុជា និងចូលរួមចងក្រង និងផ្សព្វផ្សាយឯកសារវប្បធម៌ និងទេសចរណ៍កម្ពុជាក្នុងសម័យទំនើបដល់ប្រជាជនចិន ។
សូមបញ្ជាក់ថា ៖ នាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance ចាប់ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយលោក Zhou Chaoyong (ចូវ ឆាវយ៉ុង) អ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង។
នាឱកាសជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលតែងតែផ្តល់កិច្ចសហការដ៏ល្អ និងជិតស្អិតជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងការផ្តល់ពត៌មាន និងផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ពិសេសគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិនជាដើម។
ជាការឆ្លើយតប លោក Zhou Chaoyong បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថាលោកសូមស្ងើចសរសើរអំពីវប្បធម៌ និងអរិយធម៌ដ៏ល្អវិសេសវិសាលរបស់កម្ពុជា ជាពិសេសតាមរយៈកំណត់ត្រារបស់ប្រវត្តិវិទូចិនដ៏ល្បីល្បាញ គឺលោក ជីវ តាខ្វាន់ ដោយសារលោកក៏មានស្រុកកំណើតដូចគ្នានឹងលោក ជីវ តាខ្វាន់ផងដែរ។ លោក ក៏មានគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីអច្ឆរិយភាពនៃវប្បធម៌ និងទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ដោយប្រើប្រាស់បទពិសោធដែលធ្លាប់ឆ្លងកាត់ជាច្រើនឆ្នាំនៅប្រទេសចិន។
ទន្ទឹមនឹងនេះ លោក Zhou Chaoyong បានប្តេជ្ញានឹងប្រើប្រាស់ពេលវេលារបស់លោក ដើម្បីចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ រួមជាមួយការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដោយដើរតាមលំនាំជាកវីនិពន្ទ ជីវ តាខ្វាន់ ជំនាន់ក្រោយ ដែលជាការរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងពត៌មានពាក់ព័ន្ធនឹងបញ្ហា Online Scam នៅកម្ពុជា តាមរយៈការបង្ហាញពីភាពវិសេសវិសាលនៃវប្បធម៌ និងទេសចរណ៍កម្ពុជា។
ស្តែងតាមរយៈការបេ្តជ្ញាចិត្តដ៏មោះមុតនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងស្វាគមន៍ជាអនេកចំពោះគំនិតផ្តួចផ្តើម និងគម្រោងនានាខាងលើ ហើយក្រសួងទេសចរណ៍ ត្រៀមខ្លួនជាស្រេចក្នុងការសហការពេញលេញជាមួយលោក ក៏ដូចជាជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG)។
រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
កម្មវិធីជំនួបទី៣ ក្នុងនាឱកាសអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ ៖ សិលា















