លោក ឃឹម ហ្វីណង់៖ ការចុះហត្ថលេខាលើពិធីសារនាំចេញខ្នុរស្រស់ពីកម្ពុជាទៅចិន ជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល

ចែករំលែក៖

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះថា​ ការចុះហត្ថលេខាលើពិធីសារនាំចេញខ្នុរស្រស់ពីកម្ពុជាទៅចិន បានផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយ ដល់ប្រជាកសិករដាំដុះដំណាំខ្នុរ ពិសេសជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល។

ជាក់ស្ដែង​កម្ពុជា និងចិន កាលពីថ្ងៃទី១៥ កក្កដាម្សិលមិញនេះបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញ ផ្លែខ្នុរពីកម្ពុជាទៅកាន់ទីផ្សារចិន នៅឯសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះរៀបចំឡើងក្នុងជំនួបទ្វេភាគីរវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងលោកស្រីរដ្ឋមន្ត្រី Sun Meijun អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។

លោកអ្នកនាំពាក្យរូបនេះ​ បានលើកឡើងថា ការចុះហត្ថលេខាលើពិធីសារ គឺជាជំហានដំបូងដើម្បីឈានទៅដល់ការនាំចេញផ្លែខ្នុរស្រស់ជាផ្លូវការ ប៉ុន្តែនៅមាន​ជំហាន​មួយចំនួនបន្ថែមទៀត ទើបអាចចាប់ផ្ដើមដំណើរការនាំចេញបាន ដោយក្នុងនោះមានដូចជា៖

*ការចុះបញ្ជី និងការអនុម័តយល់ព្រម លើចម្ការខ្នុរ និងរោងចក្រវេចខ្ចប់ ដោយស្ថាប័នជំនាញនៃប្រទេសទាំងពីរ។

*ប្រព័ន្ធស្វែងរកប្រភពដើម (Traceability) ការគ្រប់គ្រងគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យផ្សេងៗ ត្រូវបានបំពេញរួចរាល់ និងពេញលេញ។

*បញ្ជីឈ្មោះចម្ការខ្នុរ និងរោងចក្រវេចខ្ចប់ ដែលទទួលបានការអនុម័ត ត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយភាគីចិន (ឬ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន – GACC)។ល។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «ចំពោះកាលបរិច្ឆេទនៃការនាំចេញជាផ្លូវការលើកដំបូង គឺអាស្រ័យលើការបំពេញនីតិវិធីទាំងនេះ។ នៅដំណាក់កាលដំបូង ការនាំចេញនឹងត្រូវធ្វើឡើងជាបណ្តើរៗ មុននឹងពង្រីកបរិមាណនៅពេលមានសហគ្រាស និងចំនួនចម្ការខ្នុរកាន់តែច្រើនទទួលបានការអនុម័ត ព្រមទាំងមានការកើនឡើងនៃបរិមាណផលិតកម្មដែលស្របតាមស្តង់ដារតម្រូវនៃការនាំចេញ»។

យោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (GDA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៥ កម្ពុជាមានផ្ទៃដីដាំដុះដំណាំខ្នុរចំនួន ៣,៧៧៨ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣,២៩០ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៥៦,៤៦៧តោន។ ដំណាំខ្នុរត្រូវបានដាំដុះច្រើននៅក្នុងបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត តាកែវ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងខេត្តមួយចំនួនទៀត។

...

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងរំពឹង ថាការបើកទីផ្សារនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងទូលំទូលាយដល់ប្រជាកសិករដាំដុះដំណាំខ្នុរ សហគមន៍កសិកម្ម រោងចក្រវេចខ្ចប់​ អ្នកប្រមូលទិញ ក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភារ ព្រមទាំងជួយបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលក្នុងខ្សែច្រវាក់តម្លៃទាំងមូល»។​ លោក បន្តថា ជារួម ការចុះហត្ថលេខាលើពិធីសារនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រីកទីផ្សារនាំចេញកសិផលកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន និងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់វិស័យកសិកម្មកម្ពុជា នាពេលអនាគត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print