ទីក្រុងញ៉ូវយ៉កមិនអាចចាប់ខ្លួន លោក Netanyahu តាមដីកាតុលាការ ICC បានឡើយ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា លោក Zohran Mamdani អភិបាលក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ថា ការិយាល័យរបស់លោក មិនមានអំណាចអនុវត្តដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ទេ ប៉ុន្តែលោកបានអំពាវនាវឱ្យអាជ្ញាធរសហព័ន្ធអាមេរិក ជាអ្នកទទួលខុសត្រូវលើរឿងនេះ ហើយធ្វើសកម្មភាពជំនួសវិញ។

លោក Mamdani បាននិយាយក្នុងសារវីដេអូខ្លីមួយ ដែលបានបង្ហោះលើបណ្ដាញសង្គមថា «រដ្ឋបាលរបស់ខ្ញុំ បានពិនិត្យគ្រប់មធ្យោបាយ ដែលមានក្រោមច្បាប់ជាធរមាន ដើម្បីកំណត់ថា តើទីក្រុងញូវយ៉កអាចអនុវត្តដីកាចាប់ខ្លួន របស់តុលាការ ICC បានដែរឬទេ ប្រសិនបើលោក Benjamin Netanyahu មកទីនេះ»។ លោកបន្តថា «វាច្បាស់ណាស់ថា យើងគ្មានសិទ្ធិអំណាចស្របច្បាប់ឯករាជ្យ ដើម្បីអនុវត្តដីកានេះទេ។ ទោះជាយ៉ាងណា រដ្ឋាភិបាលសហព័ន្ធមានសិទ្ធិនេះ ហើយខ្ញុំអំពាវនាវឱ្យពួកគេចូលរួមជាមួយ ICC និងអនុវត្តដីកានេះ»។
តុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បាននិយាយកាលពីឆ្នាំ២០២៤ ថា ខ្លួនមានហេតុផលសមរម្យដើម្បីជឿថា លោក Netanyahu គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលធ្វើឡើងឆ្លើយតបការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្ដេជ្ញាថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល នឹងមិនប្រឈមមុខនឹងការចាប់ខ្លួននោះទេ ប្រសិនបើលោកមកចូលរួមកិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា នៅទីក្រុងញូវយ៉ក។
នៅក្នុងវីដេអូដដែលខាងលើ លោក Mamdani បាននិយាយថា «នរណាក៏ដោយ ដែលមានភ្នែក មានបេះដូង និងមានមនសិការ គួរតែទទួលស្គាល់នូវការបំផ្លិចបំផ្លាញ ដែលលោក Netanyahu បានបង្កឡើង ហើយយល់ច្បាស់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែលរូបនេះ គួរតែត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការ ដូចដែលខ្ញុំបានលើកឡើងកន្លងមក»។
លោកអភិបាលក្រុងញូវយ៉កបន្ថែមថា «ខ្ញុំយល់ស្របជាមួយ ICC ថា លោក Benjamin Netanyahu គួរតែត្រូវបានចាប់ខ្លួន និងកាត់ទោសចំពោះឧក្រិដ្ឋកម្មរបស់លោក ដូចដែលខ្ញុំយល់ស្របចំពោះអ្នកផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ដោយ ICC»៕

...

រូប​ថត​:AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print