កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ រាជរដ្ឋាភិបាលកម្ពុជា​ នៅថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០២៦នេះ​ សូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។

នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាព ឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ ការរំលោភបំពានបន្ថែមទៀត បានកើតឡើងនៅចន្លោះថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និង រាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំង បំពានលើចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀង គ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC)ដើម្បីបន្តការងារវាស់វែង និងបោះបង្គោល ព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់​ព្រំដែន​ ឬ ការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលរៀបរាប់ខាងលើ និងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហ​របស់​ព្រះរាជាណាចក្រកម្ពុជា​ទំនាក់ទំនងខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​របស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានលើកឡើង ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត តាំងពីឆ្នាំមុន ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការ ដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្ដារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាង ល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

...

កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង ប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print