ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសមូរដៃអាវជួយលើសហគ្រាសខ្នាតតូច និងមធ្យម (SME) បន្ថែមពីលើការងារព្រំដែន និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា។ មូរដៃអាវជួយលើសហគ្រាសខ្នាតតូច និងមធ្យម បន្ទាប់ពីសម្តេចមើលឃើញបញ្ហាប្រឈមជាច្រើន ជាពិសេសការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម នៅតែស្មុគស្មាញ មិនលឿនរហ័ស។
ជាក់ស្ដែងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហោះវីដេអូឃ្លីបមួយមានរយៈពេលប្រមាណជា១០នាទី។ វីដេអូនេះជាប្រសាសន៍របស់សម្តេចបានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំដែលមានការចូលរួមពីសហការីជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញពីភាពយឺតយ៉ាវក្នុងការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម ដែលជាការផ្ទុយពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការផលិតរបស់សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីបង្កើតផលិតផលជារបស់ខ្មែរ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំថា ការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យមនេះ មិនត្រូវឱ្យសហគ្រិនសុំច្បាប់ក្រសួង ស្ថាប័នច្រើនកន្លែងដូចពីមុនឡើយ។ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រួលនីតិវិធីទាំងអស់ជូនអ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឱ្យមានប្រសិទ្ធភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនត្រូវឱ្យម្ចាស់សហគ្រាស ម្ចាស់អាជីវកម្ម កាន់ឯកសារដើរច្រើនកន្លែងនោះទេ ត្រូវរៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីកាន់ឯកសារទៅតែមួយកន្លែង ហើយឯកសាររត់ទៅគ្រប់ក្រសួង ស្ថាប័ន។ សម្តេចធិបតី បានបញ្ជាក់ថា សម្តេចនឹងតាមដានដោយផ្ទាល់ ដើម្បីជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ៕
ដោយ៖តារា










