Neymar បញ្ជាក់ជាថ្មីពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិប្រេស៊ីល

ចែករំលែក៖

Neymar ហាក់បានបញ្ជាក់ជាថ្មីថា គាត់បានបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិប្រេស៊ីលហើយ ដោយនិយាយថា គាត់មិនមានបំណងលេងឱ្យប្រេស៊ីលទៀតឡើយ។ ការលើកឡើងនេះធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីគាត់បានបង្ហាញថា អាជីពអន្តរជាតិរបស់ខ្លួនបានបញ្ចប់ ក្រោយប្រេស៊ីលចាញ់ ន័រវែស ២-១ នៅវគ្គ 16 ក្រុមចុងក្រោយនៃ World Cup។

ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីល បានថ្លែងបន្ទាប់ពីក្លិប Santos យកឈ្នះ Universidad Central របស់វេណេស៊ុយអេឡា 4-2 ក្នុងការប្រកួត Copa Sudamericana កាលពីយប់ថ្ងៃអង្គារ។

Neymar បាននិយាយថា៖ «ខ្ញុំគិតថា ពេលវេលារបស់ខ្ញុំជាមួយក្រុមជម្រើសជាតិបានកន្លងផុតទៅហើយ។ ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រនៅទីនោះ ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំង។ ខ្ញុំបានឆ្លងកាត់រឿងជាច្រើន បូជាទាំងឈាម ទាំងជីវិត ហើយតែងតែប្រយុទ្ធដើម្បីអាវពណ៌លឿងរបស់ប្រេស៊ីល។ ប៉ុន្តែខ្ញុំមិនគិតថា ខ្ញុំចង់បន្តទៀតទេ»។

សម្ដីនេះបានបញ្ជាក់បន្ថែមលើអ្វីដែលគាត់បាននិយាយភ្លាមៗបន្ទាប់ពីប្រេស៊ីលចាញ់ន័រវែស កាលពីថ្ងៃទី 5 ខែកក្កដា។

ក្រោយចូលលេងជាកីឡាករបម្រុង និងស៊ុតបាល់ពិន័យ 11 ម៉ែត្រនៅម៉ោងបន្ថែម Neymar បានប្រាប់ទូរទស្សន៍ប្រេស៊ីល ge ថា៖ «ខ្ញុំបានព្យាយាមហើយ ព្យាយាមអស់ពីសមត្ថភាព។ ឥឡូវនេះ វាបានបញ្ចប់ហើយ»។

Neymar បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងក្រោយការបរាជ័យនោះ ដែលធ្វើឱ្យប្រេស៊ីលធ្លាក់ចេញពី World Cup លឿនបំផុតចាប់តាំងពីឆ្នាំ 1990 និងបន្តរង់ចាំការឈ្នះជើងឯកពិភពលោកលើកទី 6។

ក្នុងអាជីពក្លិប Neymar បានលេងឱ្យ Santos, Barcelona និង Paris Saint-Germain និងទទួលបានជោគជ័យជាច្រើន។ ប៉ុន្តែជាមួយក្រុមជម្រើសជាតិប្រេស៊ីល គាត់ឈ្នះពានធំតែមួយគត់ គឺ FIFA Confederations Cup ឆ្នាំ 2013។

...

ក្នុងអាជីពអន្តរជាតិ Neymar បង្ហាញខ្លួន 130 ប្រកួត ស៊ុតបញ្ចូលទីបាន 80 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 58 ដង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print