អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

 

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងពីការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ ប្រាប់លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ បញ្ហានេះត្រូវបានធ្វើឡើងនាឱកាសដែលសម្តេចធិបតី បានអនុញ្ញាតឱ្យលោក Thomas Andrews ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

 

អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន៨លើ៩ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជាក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ។

 

សម្តេចធិបតី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំជាដើម។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិនិងសេរីភាពត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។

 

ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស សរសេររបាយការណ៍ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការងារក្នុងស្មារតីស្ថាបនា។

 

ទី២៖ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បានអញ្ជើញទៅពិនិត្យមើលស្ថានភាពព្រំដែនកម្ពុជា-ថៃ និងជាពិសេសពិនិត្យមើលផលប៉ះពាល់លើពលរដ្ឋស៊ីវិលភៀសសឹកកម្ពុជានៅតាមព្រំដែន។

 

សូមបញ្ជាក់ជូនថា គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែស្ថានភាពមិនទាន់អំណោយផលពីព្រោះតែការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងរាយបន្លាលួសដើម្បីបិទផ្លូវ ឬផ្ទះសម្បែងរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ។ រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ សុទ្ធតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅរបស់ពួកគេឡើងវិញ។

 

ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់មើលការខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពួកគេ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅ «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាន។

 

អំឡុងពេលស្នាក់នៅបណ្តោះអាសន្ន បងប្អូនពលរដ្ឋភៀសសឹកបានទទួលការយកចិត្តទុកដាក់មើលថែទាំងពីសំណាក់រាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ រួមទាំងមហាជន និងសប្បុរសជនគ្រប់ទិសទី ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយដោយគ្មានពលរដ្ឋណាម្នាក់ដែលត្រូវទទួលរងនូវការបោះបង់ឱ្យនៅឯកានោះឡើយ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ នេះជាភាពកក់ក្តៅដែលប្រជាពលរដ្ឋភៀសសឹកទទួលបានពីរាជរដ្ឋាភិបាល អាជ្ញាធរ និងជនរួមជាតិគ្រប់ទិសទី។

 

ទី៣៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងសូមបញ្ជាក់ថា បន្លាលួស និងទូរកុងតឺន័រ ឬសំណង់ថ្មីៗដែលភាគីថៃបានសាងសង់ មិនអាចជំនួសខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរបានជាដាច់ខាត៕

 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print