អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា ១៤០០គ្រួសារ ក្នុងខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ ជនពិការនិងចាស់ជរាក្នុងសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ ចំនួន១៤០០គ្រួសារ ទទួលអំណោយពីអង្គការមូលនិធិពុទ្ធសាសនាឆឺជីប្រចាំកម្ពុជា ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន៤០គីឡូក្រាម។ ការផ្ដល់អង្ករនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅវត្តសុវណ្ណរង្សីរតនារាម ដោយមានការចូលរួមពី លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោកសៀ មិុនស៊ីញ ប្រធានអង្គការមូលនិធិពុទ្ធសាសនាឆឺជី រួមនឹងមន្ដ្រីអាជ្ញាធរខណ្ឌ និងមូលដ្ឋានជាច្រើនរូបទៀត។

លោក សៀ មិុនស៊ីញ ប្រធានអង្គការមូលនិធិពុទ្ធសាសនាប្រចាំកម្ពុជា មានប្រសាសន៍ថា អង្គការ មូលនិធិពុទ្ធសាសនាឆឺជី បានបង្កើតឡើងដំបូងនៅតៃវ៉ាន់ដែលជាមូលនិធិពុទ្ធសាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយភិក្ខុនី ជីងយៀន ដើម្បីជួយដល់សត្វលោកទូទៅដែលរស់នៅលើភពផែនដីយើងនេះ។

លោកបន្តថា ឆឺជីអនុវត្តតែការងារមួយគត់ គឺការសាបព្រោះគ្រាប់ពូជនៃក្ដីស្រឡាញ់ បំផុសក្ដីស្រឡាញ់ដល់មនុស្សម្នាក់ៗ ដើម្បីជួយដល់អ្នកមានទុក្ខ និងគោរពសាសនានៃមនុស្សរៀងៗខ្លួន។ ក្ដីមេត្តាករុណា គឺមិនត្រឹម តែស្រឡាញ់គ្រួសារយើងនោះទេ។ ក្ដីមេត្តា គឺមិនប្រកាន់សាសនា ពូជសាសន៍ ព៌ណសម្បុរ វណ្ណៈ នោះឡើយ។ ជាមួយនឹងក្ដីមេត្តា គឺត្រូវចេះជួយ ស្រោចស្រង់ដល់អ្នកជួបទុក្ខលំបាក ឈឺថ្កាត់ ថែមទៀតទើបប្រសើរ។

ក្នុងឱកាសនោះដែរលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណដល់អង្គការមូលនិធិពុទ្ធសាសនាឆឺជី ប្រចាំកម្ពុជា ដែលបានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខណ្ឌព្រែកព្នៅ ហើយនេះជាទង្វើដ៏ប្រពៃជាវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដែលជាការបង្ហាញពីការសាមគ្គីភាព និងមិត្តភាពដ៏ជ្រាលជ្រៅ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលខណ្ឌបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ថ្វីត្បិតតែអំណោយ ត្រូវបានផ្ដល់ជូនបងប្អូន ពីច្រើនផ្នែកច្រើនស្ថាប័នជាបន្ដបន្ទាប់ ប៉ុន្តែបងប្អូនមិនត្រូវផ្ដេកផ្ដួលតែទៅលើអំណោយនោះទេ គឺត្រូវខិតខំប្រឹងប្រែងរកស៊ី ប្រកបកិច្ចការងារ ក្នុងជីវភាព ប្រចាំថ្ងៃរបស់ខ្លួន។ សម្រាប់ប្រជាកសិករ ត្រូវខិតខំប្រកបការងារធ្វើស្រែចំការ ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ថែមទៀត ដើម្បីលើកស្ទួយជីវភាព គ្រួសារឲ្យបានធូរធារ ព្រោះ យើងមាន ពូជពង្ស ដូនតា ជាអ្នកឧស្សាព្យាយាម ជាអ្នកស្រវាស្រទេញក្នុងការងារ កសាងបាននូវសមិទ្ធផលជាច្រើន និងបានបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយយើងនេះ។

ក្នុងនោះលោកអភិបាលខណ្ឌព្រែកព្នៅបានអំពាវនាវសូមឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាព គួរចូលរួមធ្វើសកម្មភាពមនុស្សធម៌ ពោលគឺខ្មែរត្រូវតែជួយខ្មែរ ដើម្បីអនាគតសម្រាប់កូនខ្មែរទាំងអស់គ្នា៕

chey-8 chey-2 chey-3 chey-1 chey-4 chey-7 chey-6 chey-5 chey-9

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print