លោក អូស្មាន ហាស្សាន់  ផ្ដល់អាហារសាមគ្គីមួយពេលដល់បុគ្គលិកសាងសង់ផ្សារទំនើបភ្នំពេញមេហ្គាម៉ល ៦០០នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផ្ដល់អាហារសាមគ្គីមួយពេលដល់បុគ្គលិកសាងសង់ផ្សារទំនើប ភ្នំពេញមេហ្គាម៉ល ចំនួន ៦០០នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខ្មែរនៅផ្សារទំនើប «ភ្នំពេញមេហ្គាម៉ល» កាលល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦  ដើម្បីផ្ដល់ការលើកទឹកចិត្ដដល់កម្មករ បុគ្គលិកការដ្ឋាន ក៏ដូចជាផ្ដល់ភាពស្និទ្ធស្នាលក្នុងមហាគ្រួសារតែមួយផងដែរ ។

តាមការបញ្ជាក់ឲ្យដឹងពី លោក អូស្មាន ហាស្សាន់ ថា ផ្សារទំនើប ភ្នំពេញមេហ្គាម៉ល ស្ថិតនៅលើផ្ទៃដីសរុបជាង ១៥០,០០០ម៉ែត្រការ៉េ កំពស់ ៩ជាន់ និង ២ជាន់ក្រោមដីនេះ កំពុងសាងសាង់បានប្រមាណ ៨០% ស្ថិតតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី កែងផ្លូវវត្តនាគវ័ន គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០១៧ ដែលនឹងក្លាយជាផ្សារទំនើបធំជាងគេនៅកម្ពុជា។ ហើយក្រុមហ៊ុននឹងបន្តការសាងសង់សណ្ឋាគារមួយពីលើផ្សារទំនើបនេះបន្ថែមទៀតដែលមានផ្ទៃជាង ៥២,០០០ម៉េត្រការ៉េ កំពស់ ១៣ជាន់ មានជាង ៤០០បន្ទប់។

លោក អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា អាគារដ៏ធំមហិមានេះអាចផុសចេញជារូបរាងឡើងបានក៏ដោយសារប្រទេសយើងមានសុខសន្តិភាព មានអ្នកវិនិយោគ ហើយសិស្សានុសិស្សមានឱកាសរៀនសូត្របានខ្ពស់ខ្ពស់ រហូតក្លាយជាវិស្វករ អ្នកបច្ចេកទេស ដែលមានសមត្ថភាពខ្ពស់ក្នុងការសាងសង់។ ហើយក៏ដោយសារមានការចូលរួមសហការគ្នាបានល្អពីគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់ដឹកនាំ អ្នកបច្ចេកទេស រហូតដល់ថ្នាក់កម្មករ។

លោកក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងមានមោទនៈភាពក្រៃលែង លោកបានបញ្ជាក់ថា អាគារនេះ សាងសង់ឡើងដោយស្នាដៃកូនខ្មែរ ដែលវាមានលក្ខណៈទំនើប ពោរពេញដោយបច្ចេកទេស និងមានភាពរឹងមាំ ខណៈដែលមជ្ឍដ្ឋានមួយចំនួនគិតថាជាស្នាដៃពីបរទេស។

លោកបញ្ជាក់ថា ផ្សារទំនើបនេះមានរចនាបទរបស់កូនខ្មែរយើងដែលមានការច្នៃប្រឌិតពីមួយថ្ងៃទៅមួយថ្ងៃចេះតែមានការកើនឡើងជាលំដាប់។

លោកមានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីផ្សារទំនើបនេះដំណើរការនៅឆ្នាំក្រោយនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្របានមួយកម្រិតដោយនឹងអាចស្រូបទាញកម្លាំងពលកម្មបានជាង ៣.០០០នាក់ ឯណោះដើម្បីចូលធ្វើការងារតាមផ្នែកផ្សេងៗ។

ផ្សារទំនើប «ភ្នំពេញមេហ្គាម៉ល» នឹងមានសេវាកម្មចម្រុះជាច្រើនដូចជា កន្លែងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន រោងភាពយន្ត កន្លែងក្មេងលេង ខារ៉ាអូខេ កន្លែងហាត់ប្រាណ ស្ទីម សូណា ហាងលក់សៀវភៅ ឱសថស្ថាន និងសេវាកម្មចម្រុះជាច្រើនទៀត ជាពិសេសមាន Department Store ទំហំ ១០.០០០ម៉ែត្រការ៉េ ដែលជាហាងស្នូលរបស់ PARKSON ក្នុងផ្សារទំនើបនេះតែម្តង ៕

image1 image2 image3 image4 image5 image6 image7

ដោយ ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print