គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបង្ក្រាបទីតាំងInternetបង្កប់ល្បែងស៊ីសងLive Casino តុលាការជាអ្នកដោះលែង

ចែករំលែក៖

ភ្នំពេញ៖ គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុច ត្រូវបានរាជរដ្ឋាភិបាលដាក់ជូនសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាអ្នកអនុវត្ត នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗកុំឲ្យកើតមានកើតឡើង ។ បទល្មើសទាំងនោះ រួមមាន អំពើ លួច ឆក់ ប្លន់ ក្មេងទំនើង បងតូច បងធំ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ល្បែងបៀរ អាប៉ោង ជល់មាន់ រាប់បញ្ចូលទាំង ល្បែងស៊ីសងខុសច្បាប់ Live Casino តាម Internet ជាដើម។

ដោយឡែកបើយើងក្រឡេកមើលទៅខណ្ឌសែនសុខឯណោះវិញ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបទីតាំង Internet បង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino កសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ផ្ទុយទៅវិញ ពាក់ព័ន្ធករណីនេះប្រភពព័ត៌មានលួចបង្ហើបឲ្យដឹងថា ត្រូវបានស្ថាប័នតុលាការដោះលែងអ្នកមើលការខុសត្រូវ ( មេការ ) បាត់ទៅហើយ ។

ពាក់ព័ន្ធករណីនេះ នាវេលាម៉ោង ១៥ និង៣៧នាទី រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ភ្នាក់ងារ នគរដ្រេហ្គន យើងបានទាក់ទងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខតាមរយៈទូរស័ព្ទ ប៉ុន្តែត្រូវបានលោក ម៉ក់ ហុង ប្រាប់វិញថា លោកកំពុងមានការវល់ សូមទាក់ទងទៅនាយផ្នែកព្រហ្មទណ្ឌរបស់លោកទៅ។

ចំណែកលោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ក៏បានប្រាប់ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃខែដដែលថា ករណីបង្ក្រាបទីតាំង Internet បង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino លោកបានកសាងសំណុំរឿងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញ តាំងពីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦ មកម្លេះ រហូតដល់ថ្ងៃសៅរិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ទើបត្រូវបានបញ្ចប់នីតិវិធី ។ ដោយឡែកការដោះលែងជនសង្ស័យយ៉ាងណានោះ លោកមិនបានដឹងនោះទេ ដោយសារផុតពីសមត្ថកិច្ចរបស់លោក រឿងនេះមានតែស្ថាប័នតុលាការនោះទេ ជាអ្នកសម្រេច ។

ដោយឡែកលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ពាក់ព័ន្ធនិងតុលាការធ្វើការដោះលែងជនសង្ស័យ ក្នុងសំណុំរឿងបង្ក្រាប ទីតាំង Internet បង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino ( យីហោ ) 888 Net ២៤ម៉ោង នៅចំណុចផ្ទះលេខ ១៨៨ ផ្លូវលេខ ៣៧១ ( ហៅ ) ផ្លូវសឡា ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា នោះលោក មិនដឹងទេ ។ ដូច្នេះបើមានការដោះលែងពិតមែននោះ លោកនឹងធ្វើការស៊ើបអង្កេតបន្តទៀត។

ជាមួយគ្នានេះលោក សាំង វិចិត្រ ក៏បានប្រាប់បញ្ជាក់ឲ្យដឹងថា មុននិងដាក់វិធានការចុះបង្ក្រាបទីតាំង Internet បង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino នេះ គឺកម្លាំងរបស់លោកតាមដានមុខសញ្ញាយ៉ាងច្បាស់លាស់ រហូតចុះបង្ក្រាបជាក់ស្តែង ព្រមទាំង ដកហូតវត្ថុតាងមួយចំនួន និងឃាត់បានអ្នកមើលការខុសត្រូវមា្នក់ ( មេការ ) ឈ្មោះ ពឿន ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ផងដែរ ដូច្នេះតាមច្បាប់មិនអាចធ្វើការដោះលែងបាននោះទេ ។

ពាក់ព័ន្ធទៅនឹងសំណុំរឿងនេះ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ យើងមិនអាចសុំការបំភ្លឺពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង ។

សូមបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង ១៦ និង២០នាទី រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ តំណាង លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដោយមានចូលរួមផ្ទាល់ពីលោក គ្រី គឹមឃាន់ ក្រឡាបញ្ជី តំណាងលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាប ទីតាំង Internet បង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino ( យីហោ ) 888 Net ២៤ម៉ោង នៅចំណុចផ្ទះលេខ ១៨៨ ផ្លូវលេខ ៣៧១ ( ហៅ ) ផ្លូវសឡា ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមការត្រួតពិនិត្យពីសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ទីតាំង Internet បង្កប់ល្បែងស៊ីសងខុសច្បាប់ Live Casino នេះ មានឈ្មោះ ជា ណារ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៦៣ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទីតាំង Internet នេះ មានលិខិតអនុញ្ញាតពីមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ចុះហត្ថលេខា ដោយ លោក ជុំ វុឌ្ឍី ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបទីតាំង Internet នេះ ដោយសារលួចបើកល្បែងស៊ីសងខុសច្បាប់ Live Casino ។ ដោយនៅក្នុងលិខិតអនុញ្ញាត គឺឲ្យប្រកបអាជីវកម្ម សេវាកម្សាន្ត អ៊ីធឺណែត ប៉ុណ្ណោះ ។ ដោយឡែកនៅក្នុងករណីនេះ សមត្ថកិច្ច ដកហូតវត្ថុតាង លុយដុល្លារ ចំនួន ១០៧០ដុល្លារ លុយខ្មែរ ចំនួន ២លាន ៦៣ម៉ឺនរៀល និងឃាត់ខ្លួនអ្នកមើលការខុសត្រូវម្នាក់ឈ្មោះ ពឿន ចាន់ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ៕

2016-09-26-4 2016-09-26-1 2016-09-26-5 2016-09-26 2016-09-26-2 2016-09-26-3

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print