ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាក្នុងគ្រួសារ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះជាប្រពន្ធ តាមរយៈទូរស័ព្ទអន្តរាគមន៍បន្ទាន់ ១២៩១ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:០០ នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ៩៦ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សៀម ចន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលត្រូវជាប្តីរបស់ជនរងគ្រោះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដោយមានការបង្ខាំង និងគំរាមកំហែងសម្លាប់ប្រពន្ធ។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ករណីនេះជាការរំលឹកដល់សាធារណជនអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងការលើកកម្ពស់សុវត្ថិភាពសង្គម៕
ដោយ ៖ សិលា










