ខេត្តកណ្ដាល÷បុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពចូលលួចម៉ូតូ ១គ្រឿង ដែលម្ចាស់ទុកនៅក្រោមផ្ទះដោយភ្លេចដកសោចេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ០៨និង២៧នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិសំរោង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ង សុខា (ស្រី, អាយុ៤៦ឆ្នាំ) រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ម៉ន សម្ភស្ស (ប្រុស, អាយុ២៥ឆ្នាំ) មានទីលំនៅភូមិជ្រោយចម្ប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមរយៈការធ្វើតេស្តទឹកនោម ជនសង្ស័យរូបនេះមានលទ្ធផលវិជ្ជមានសារធាតុញៀន។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ (ផលិតឆ្នាំ២០១៨) ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Y-3323។
យោងតាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានរៀបរាប់ថា កាលពីឆ្នាំ២០២២ ខ្លួនធ្លាប់ជាប់ពន្ធនាគារនៅរាជធានីភ្នំពេញម្តងរួចមកហើយ ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លុះមកដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ខ្លួនបានជិះម៉ូតូកង់បីចេញពីផ្ទះ មកចុះនៅកំពង់ចម្លងសក្កិទី២ រួចឆ្លងទូកមកខាងស្រុកល្វាឯម ដើម្បីដើរមើលតាមភូមិរកលួចម៉ូតូណាដែលម្ចាស់ទុកចោលដោយធ្វេសប្រហែស។ ពេលដើរមកដល់ឃុំទឹកឃ្លាំង ដោយរកឱកាសលួចមិនទាន់បាន ខ្លួនក៏បានចូលដេកនៅវត្ត ១យប់សិន។
ប្រភពដដែលបានបន្តថា លុះព្រឹកឡើងថ្ងៃទី២៩ ខែកក្កដា ជនសង្ស័យបានបន្តដើររកមើលទៀត ក៏ស្រាប់តែឃើញម៉ូតូ ១គ្រឿង ទុកនៅក្រោមផ្ទះដោយមានជាប់សោស្រាប់ ទើបដើរចូលទៅធ្វើសកម្មភាពលួច។ ពេលនោះ ជនរងគ្រោះដែលកំពុងអង្គុយលេងនៅក្នុងបន្ទប់ក្រោមផ្ទះបានឃើញទាន់ ក៏ស្រែកឆោឡោឱ្យអ្នកជិតខាងជួយ និងទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនជននេះតែម្តង បន្ទាប់ពីព្យាយាមរត់គេច។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕










