ខេត្តបន្ទាយមានជ័យ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថាៈនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ អៀ គីមឆេ (ស៊ីង) ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីចោរកាប់ប្លន់ម៉ូតូ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខធនាគារ ABA ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះដែលកំពុងធ្វើដំណើរតាមផ្លូវនិងទាញកំបិតដេញកាប់មកលើជនរងគ្រោះ ហើយយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AF-2358 ជិះគេចខ្លួន។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារបស់ក្រុមជនសង្ស័យរហូតដល់វេលាម៉ោង៩និង៣០នាទីថ្ងៃ ខែឆ្នាំដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ អ៊ុន គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះ ឡៃ ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រួមទាំងចាប់យកវត្ថុតាងនៃបទល្មើសម៉ូតូចំនួន០២គ្រឿងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។ ចំណែកបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយស្ដាប់ចម្លើយរបស់ជនសង្ស័យទាំងពីរនាក់ ឃើញថាមានភាពស៊ីចង្វាក់ និងមានតម្រុយពិរុទ្ធភាពនៃបទល្មើសពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះពិតប្រាកដមែន ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយវណ្ណា










