ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកមួយ បានបោះទុនវិនិយោគជាង ១០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺ ដែលជាសញ្ញាវិជ្ជមានក្នុងការជំរុញវិស័យអំបិលកម្ពុជាឱ្យកាន់តែរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
ថ្លែងក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម«គ»នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមចំនួន ១៣ ចំណុចរបស់វិស័យឯកជន នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ជា វុទ្ធី បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានឯកភាពលើចំណារនៃរបាយការណ៍កិច្ចប្រជុំច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅនេះ ដោយឯកភាពឱ្យក្រុមហ៊ុននេះវិនិយោគ។
បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា មិនតែប៉ុណ្ណោះ សម្ដេចធិបតីក៏បានណែនាំឱ្យមានកិច្ចប្រជុំដោយឡែកមួយ ដើម្បីពិនិត្យពិភាក្សាលើវិស័យអំបិលទាំងមូល ក្នុងការរៀបចំយុទ្ធសាស្ត្រ និងការលើកទឹកចិត្តបន្ថែម ទាំងផ្នែកពន្ធគយ និងមិនមែនពន្ធគយ ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ។
ការវិនិយោគនេះត្រូវបានមើលឃើញថាជាចំណុចចាប់ផ្ដើមដ៏ល្អមួយ ស្របពេលដែលអំបិលត្រូវបានចាត់ទុកជាទំនិញយុទ្ធសាស្ត្រ និងជាទំនិញជាតិរបស់កម្ពុជា។ កន្លងមក វិស័យអំបិលនៅកម្ពុជា ជាពិសេសនៅខេត្តកំពត និងកែប បានជួបប្រទះបញ្ហាប្រឈមមួយចំនួន រួមទាំងការបោះបង់ចោលស្រែអំបិលដោយសារកង្វះគោលនយោបាយគាំទ្ររឹងមាំ និងការកើនឡើងនៃវិស័យអចលនទ្រព្យជាដើម។
ដោយឡែកប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប លោក ប៊ុន ណារិន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកដំណើរការរោងចក្រកែច្នៃអំបិលនេះ ដោយរំពឹងថានឹងជួយកាត់បន្ថយការនាំចូលអំបិលពីបរទេស និងលើកកម្ពស់គុណភាពអំបិលក្នុងស្រុក ដែលមានគុណភាពល្អ៕
ដោយ៖តារា










