ខេត្តសៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានដំណើរការជួសជុលពង្រឹងតួប៉មប្រា សាទ ឥដ្ឋលេខ១៣ (G13) នាទិស ខាងត្បូងរបស់ប្រាសាទភ្នំបាខែង ក្នុងដំណាក់ទី២ ចាប់ពីផ្នែកខាងលើផ្តែរ រហូតដល់កំពូល មានចំនួន៣រួត ប្រវែងសរុបប្រមាណ៧ម៉ែត្រ។
ការងារជួសជុលនេះ បានចាប់ផ្ដើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។
អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី០៧ ខែសីហានេះថា ផ្នែកខាងលើរបស់ផ្តែរនៃតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) រហូតទៅដល់កំពូលគឺមានបញ្ហារលុះឥដ្ឋខូចខាតធ្ងន់ធ្ងរ បណ្តាលមកពីកត្តាអាយុកាល កត្តាធម្មជាតិ និងអាកាសធាតុ ដោយបង្កឱ្យមានកំណកដី ឥដ្ឋពុកផុយបាត់បង់ល្បាក់ក្បាច់ផ្សេងៗរបស់ប្រាសាទ។
លើសពីនេះ ជញ្ជាំងផ្នែកខាងត្បូងចាប់ពីរួតទី២ បានរលុះបាក់ទាំងស្រុង។ រីឯផ្នែកខាងក្នុងនៃតួប៉ម ឥដ្ឋពុកផុយងាយនឹងរលុះឥដ្ឋផងដែរ។ បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុលសង្គ្រោះតួប៉មឥដ្ឋនេះ ដោយជួសជុលផ្ទៃជញ្ជាំងរបស់រួតនីមួយៗរហូតទៅដល់កំពូលឱ្យរឹងមាំជាមុនសិន មុននឹងឈានដល់ការជួសជុលនៅផ្នែកខាងក្នុងជាបន្តទៀត។ កិច្ចការជួសជុល ក្រុមការងារបានសម្អាតកំណកដីនៅតាមផ្នែកដែលពុកផុយពីមួយស្រទាប់ទៅមួយស្រទាប់ និងជួសជុលពង្រឹងនៅតាមចំណុចផ្ទៃជញ្ជាំងឥដ្ឋដែលហែកក្រៀក។ ចំពោះផ្នែកដែលបាត់បង់ទ្រង់ទ្រាយដើម ហើយចាំបាច់សម្រាប់ទ្ររចនាសម្ព័ន្ធខាងលើ គឺជួស ជុលប្រើបច្ចេកទេសអាណាឡូជី (Analog y) ចម្លងតាមគំរូដើមដែលនៅសេសសល់ មកបំពេញទីតាំងដែលបាត់បង់ឱ្យមានលក្ខណៈពេញលេញ មានសោភ័ណភាព រឹងមាំគង់វង្សយូរ អង្វែងបន្តទៀត។ រហូតមក ដល់ពេលនេះ ក្រុមការងារបានជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ (G13) ផ្នែកខាងត្បូងនៃប្រាសាទភ្នំបាខែង សម្រេចបាន៦០ភាគរយហើយ។ ចំណែកមួយផ្នែកដែលនៅសេសសល់ គឺក្រុមការងារបន្តជួសជុលដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ពី ព្រោះផ្នែកដែលនៅសេសសល់បានរងការខូចខាតធ្ងន់ធ្ងរ ដូចជាបាត់បង់ស្លាកស្នាម រូបរាងដើម និងល្បាក់ក្បាច់ផង។ ហេតុនេះហើយការងារជួសជុលត្រូវផ្ទៀងផ្ទាត់យ៉ាងជាក់លាក់បំផុត៕













