បុរស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​យក​ទៅ​ទម្លាក់​ចោល គាត់​ថា​ត្រូវ​ចោរ​ដាក់​ថ្នាំ​យក​លុយ និង​គ្រឿងអលង្ការ​អស់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដឹក​តាម​ម៉ូតូ​កង់​បី ១​គ្រឿង ចេញពី​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ព្រ​លាន​យន្តហោះ​ចាស់​) យក​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវជាតិ​លេខ​៣ រួច​គេចខ្លួន​បាត់​ស្រមោល​។ បន្ទាប់​មក បុរស​ខាងលើ​នោះ បាន​ប្រាប់​មហាជន និង​សមត្ថកិច្ច​ថា គាត់​ត្រូ​ចោរ ១​ក្រុម ដាក់​ថ្នាំ​សណ្ដំ​គាត់ រួច​ប្រមូល​យក​លុយ និង​គ្រឿង អលង្ការ​អស់ពី​ខ្លួន ហើយ​ក៏​ដឹក​គាត់​តាម​ម៉ូតូ​កង់​បី យក​មក​ទម្លាក់​ចោល​នៅ​ទី​នេះ​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​រូប​នោះ អាយុប្រមាណ​ជាង​៤០​ឆ្នាំ ហើយ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​គាត់​មាន​អាកា​រៈ​ទន់​ខ្លួន ហើយ​ពេល​សួរនាំ​ទៅ គាត់​និយាយ​ហាក់​រវើរវាយ ពុំ​ដឹង​ថា ខ្លួន​គាត់​ឈ្មោះ​អ្វី និង​ទៅ​ណា​មក​ណា​ឡើយ​។ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​លើ​រូបរាង​កាយ និង​សម្បុរ​សាច់ឈាម និង​សម្លៀក​បំពាក់​គាត់ គឺជា​មនុស្ស​ត្រឹមត្រូវ ហើយ​នៅ​ជាប់​ខ្លួន ក៏​មាន​កាបូប​ខោអាវ​ព​ណ៍​ចម្រុះ​ធំ និង​ថ្មី​១​ផង​ដែរ​។ ដោយ​អាច​គាត់​ជា​អ្នក ដំណើរ​មក​ពី​តំបន់​ណាមួយ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រទះ​ឡា​ង ក៏​បាន​នាំ​គាត់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ហើយ ។

បើ​តាម​បុរស​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ ពេល​គាត់​កំពុង​បើករថយន្ត គាត់​បានឃើញ​មាន​ម៉ូតូ​កង់​បី​១​គ្រឿង​ដឹក​បុរស​រង​គ្រោះ​ខាង លើ ដោយ​បើកបរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​ឈប់ ហើយ​ឃើញ​បុរស​អ្នកបើកបរ​ម៉ូតូ​កង់​បី​នោះ ទាញ​កាបូប​ខោអាវ​របស់​បុរស​រង​គ្រោះ​ទម្លាក់​ចោល បន្ទាប់​មក​ចាប់​ទាញ​បុរស​នោះ​ទម្លាក់​ពីលើ​ម៉ូតូ​កង់​បី​ថែម​ទៀត ។

អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​និយាយ​បន្ត​ទៀត​ថា នៅ​ពេល​ឃើញ​សកម្មភាព​ប្រទាញប្រទង់​គ្នា​យ៉ាង​សាហាវ​បែប​នេះ គាត់​ក៏​ឈប់​រថយន្ត រួច​ចុះរ​ត់ទៅ​ជួយ​និង​ស្រែក​ដាក់​អ្នក​បើក​ម៉ូតូ​កង់​បី​នោះ ។ ទើប​ជន​ខាងលើ​ឡើង​បើក​ម៉ូតូ​កង់​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ហើយ​គាត់​ក៏​ពុំ​បាន​ចំណាំ​ស្លាក​លេខ​ម៉ូតូ​កង់​បី​នោះ​បាន​ឡើយ ព្រោះ​ជនសង្ស័យ​រូប​នោះ បាន​បើក​ចាកចេញ​គេចខ្លួន​យ៉ាង​លឿន​និង​តក់ក្រហល់​បំផុត ។

ដោយឡែក​បុរស​ដែល​ត្រូវ​អ្នក​រត់​ម៉ូតូ​កង់​បី​ដឹក​យក​ទៅ​ទម្លាក់​ចោល​នោះ បាន​និយាយ​ថា មាន​ជនសង្ស័យ​១​ក្រុម​ដាក់​ថ្នាំ​សណ្ដំ​គាត់ នៅ​ក្នុង​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ព្រ​លាន​យន្តហោះ​ចាស់​) ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​មក​ក៏​ប្រមូល​យក​លុយ​ចំនួន​៥០០​ដុល្លារ និង​គ្រឿងអលង្ការ​មាន​ខ្សែ ក និង​ខ្សែដៃ​អស់ពី​ខ្លួន រួច​ដឹក​គាត់​តាម​ម៉ូតូ​កង់​បី​ចេញពី​ចំណុច​ខាងលើ យក​ទៅ​ទម្លាក់​ចោល​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ហើយ​គេចខ្លួន​បាត់​តែ​ម្ដង ។

...

ទាក់ទង​ទៅ​និង​ហេតុការណ៍​ខាងលើ ពុំ​ទាន់​ដឹង​ថា ការ​អះអាង​ទាំង​រវើរវាយ​ពី​សំណាក់​បុរស​នេះ​ថា​ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្ដំ​យក​លុយ​និង​គ្រឿងអលង្ការ​នោះ មាន​ភាគរយ​ពិតប្រាកដ​ប៉ុន្មាន​នៅឡើយ​ទេ ។ ចំណែក​កងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រទះ​ឡា​ង នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​ករណី​នេះ ហើយ សង្ឃឹមថា​និង​ដឹង​រឿង​ពិត​ឆាប់​ៗ​មិន​ខាន ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print