ភ្នំពេញ ៖ បុរសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកតាមម៉ូតូកង់បី ១គ្រឿង ចេញពីអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានយន្តហោះចាស់) យកទៅទម្លាក់ចោលនៅតាមផ្លូវជាតិលេខ៣ រួចគេចខ្លួនបាត់ស្រមោល។ បន្ទាប់មក បុរសខាងលើនោះ បានប្រាប់មហាជន និងសមត្ថកិច្ចថា គាត់ត្រូចោរ ១ក្រុម ដាក់ថ្នាំសណ្ដំគាត់ រួចប្រមូលយកលុយ និងគ្រឿង អលង្ការអស់ពីខ្លួន ហើយក៏ដឹកគាត់តាមម៉ូតូកង់បី យកមកទម្លាក់ចោលនៅទីនេះតែម្ដង ។
ហេតុការណ៍ខាងលើបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសរូបនោះ អាយុប្រមាណជាង៤០ឆ្នាំ ហើយពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះគាត់មានអាការៈទន់ខ្លួន ហើយពេលសួរនាំទៅ គាត់និយាយហាក់រវើរវាយ ពុំដឹងថា ខ្លួនគាត់ឈ្មោះអ្វី និងទៅណាមកណាឡើយ។ ប៉ុន្តែបើតាមការសង្កេតមើលលើរូបរាងកាយ និងសម្បុរសាច់ឈាម និងសម្លៀកបំពាក់គាត់ គឺជាមនុស្សត្រឹមត្រូវ ហើយនៅជាប់ខ្លួន ក៏មានកាបូបខោអាវពណ៍ចម្រុះធំ និងថ្មី១ផងដែរ។ ដោយអាចគាត់ជាអ្នក ដំណើរមកពីតំបន់ណាមួយ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង ក៏បាននាំគាត់ទៅសាកសួរនៅប៉ុស្តិ៍ហើយ ។
បើតាមបុរសអ្នកបើកបររថយន្តម្នាក់បាននិយាយថា នៅវេលាម៉ោងខាងលើ ពេលគាត់កំពុងបើករថយន្ត គាត់បានឃើញមានម៉ូតូកង់បី១គ្រឿងដឹកបុរសរងគ្រោះខាង លើ ដោយបើកបរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានឈប់ ហើយឃើញបុរសអ្នកបើកបរម៉ូតូកង់បីនោះ ទាញកាបូបខោអាវរបស់បុរសរងគ្រោះទម្លាក់ចោល បន្ទាប់មកចាប់ទាញបុរសនោះទម្លាក់ពីលើម៉ូតូកង់បីថែមទៀត ។
អ្នកបើកបររថយន្តខាងលើបាននិយាយបន្តទៀតថា នៅពេលឃើញសកម្មភាពប្រទាញប្រទង់គ្នាយ៉ាងសាហាវបែបនេះ គាត់ក៏ឈប់រថយន្ត រួចចុះរត់ទៅជួយនិងស្រែកដាក់អ្នកបើកម៉ូតូកង់បីនោះ ។ ទើបជនខាងលើឡើងបើកម៉ូតូកង់រត់គេចខ្លួនទៅបាត់ស្រមោល ហើយគាត់ក៏ពុំបានចំណាំស្លាកលេខម៉ូតូកង់បីនោះបានឡើយ ព្រោះជនសង្ស័យរូបនោះ បានបើកចាកចេញគេចខ្លួនយ៉ាងលឿននិងតក់ក្រហល់បំផុត ។
ដោយឡែកបុរសដែលត្រូវអ្នករត់ម៉ូតូកង់បីដឹកយកទៅទម្លាក់ចោលនោះ បាននិយាយថា មានជនសង្ស័យ១ក្រុមដាក់ថ្នាំសណ្ដំគាត់ នៅក្នុងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះចាស់) ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកក៏ប្រមូលយកលុយចំនួន៥០០ដុល្លារ និងគ្រឿងអលង្ការមានខ្សែ ក និងខ្សែដៃអស់ពីខ្លួន រួចដឹកគាត់តាមម៉ូតូកង់បីចេញពីចំណុចខាងលើ យកទៅទម្លាក់ចោលនៅតាមផ្លូវជាតិលេខ៣ ហើយគេចខ្លួនបាត់តែម្ដង ។
ទាក់ទងទៅនិងហេតុការណ៍ខាងលើ ពុំទាន់ដឹងថា ការអះអាងទាំងរវើរវាយពីសំណាក់បុរសនេះថាត្រូវចោរដាក់ថ្នាំសណ្ដំយកលុយនិងគ្រឿងអលង្ការនោះ មានភាគរយពិតប្រាកដប៉ុន្មាននៅឡើយទេ ។ ចំណែកកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង នៃអធិការដ្ឋានខណ្ឌកំបូល កំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះ ហើយ សង្ឃឹមថានិងដឹងរឿងពិតឆាប់ៗមិនខាន ៕










