អេស្ប៉ាញរំពឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ច 401 លានដុល្លារ ចំពេលអ្នកទេសចរ 450,000 នាក់ធ្វើដំណើរមកទស្សនាព្រឹត្តិការណ៍សូរ្យគ្រាស

ចែករំលែក៖

ប្រទេសអេស្ប៉ាញរំពឹងថា សូរ្យគ្រាសពេញលេញ (Total Solar Eclipse) នៅសប្តាហ៍នេះ នឹងបង្កើតផលប្រយោជន៍សេដ្ឋកិច្ចសុទ្ធប្រមាណ 347.6 លានអឺរ៉ូ (401 លានដុល្លារអាមេរិក) និងទាក់ទាញអ្នកទេសចរបន្ថែមប្រមាណ 446,700 នាក់ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអេស្ប៉ាញ។

 

សូរ្យគ្រាសនឹងកើតឡើងនៅថ្ងៃទី 12 ខែសីហា ហើយគេរំពឹងថានឹងទាក់ទាញអ្នកទេសចរយ៉ាងច្រើន ជាពិសេសតំបន់ដែលស្ថិតនៅតាម ខ្សែផ្លូវនៃសូរ្យគ្រាសពេញលេញ និងតំបន់ជិតខាងដែលអាចមើលឃើញបានច្បាស់។ ព្រឹត្តិការណ៍នេះក៏ស្របពេលជាមួយរដូវវិស្សមកាលរដូវក្តៅដ៏មមាញឹកបំផុតរបស់អេស្ប៉ាញ ហើយសូរ្យគ្រាសនឹងកើតឡើងនៅជិតពេលថ្ងៃលិចផងដែរ។

 

ចំណាប់អារម្មណ៍ពីអន្តរជាតិកើនឡើងខ្លាំង

 

ទិន្នន័យពីវេទិកាកក់កន្លែងស្នាក់នៅបង្ហាញថា ការស្វែងរកកន្លែងស្នាក់នៅដោយអ្នកធ្វើដំណើរមកពីក្រៅប្រទេសអេស្ប៉ាញ សម្រាប់ថ្ងៃទី 12 និង 13 ខែសីហា បានកើនឡើងដល់ 522% នៅខេត្ត Soria ភាគខាងជើងអេស្ប៉ាញ ដែលកំពុងក្លាយជាគោលដៅសំខាន់សម្រាប់ការទស្សនាសូរ្យគ្រាស។

 

ការស្វែងរកក៏បានកើនឡើងយ៉ាងខ្លាំងនៅខេត្តភាគខាងជើងផ្សេងទៀត ដូចជា៖

León កើនឡើង 356%

Palencia កើនឡើង 345%

Burgos កើនឡើង 325%

 

សណ្ឋាគារ និងកន្លែងស្នាក់នៅតាមតំបន់ជនបទ ដែលមានទិដ្ឋភាពល្អសម្រាប់មើលសូរ្យគ្រាស បានរាយការណ៍ថា មានអ្នកកក់កន្លែងស្នាក់នៅយ៉ាងច្រើន។

 

កន្លែងបោះជំរំជាច្រើនក៏ត្រូវបាន កក់ពេញសម្រាប់រដូវក្តៅ រួចទៅហើយ ដោយធ្វើឱ្យអ្នកទេសចរមួយចំនួនត្រូវស្វែងរកកន្លែងស្នាក់នៅជិតតំបន់ជនបទ តំបន់ធម្មជាតិ និងទីក្រុងតូចៗដែលមានការបំពុលដោយពន្លឺតិចជាង។

 

ឡានជិះបោះតង់ក៏កំពុងមានតម្រូវការខ្លាំង

 

ដោយសារកន្លែងស្នាក់នៅបែបប្រពៃណីមានកំណត់ រថយន្តបោះតង់ Camper Van បានក្លាយជាជម្រើសមួយទៀតសម្រាប់អ្នកចង់ទៅទស្សនាសូរ្យគ្រាស។

 

លោក Luis López អនុប្រធានសមាគមឧស្សាហកម្ម និងពាណិជ្ជកម្ម Caravaning របស់អេស្ប៉ាញ (Aseicar) បាននិយាយថា រថយន្តជួលតែងតែត្រូវបានកក់អស់ក្នុងរដូវក្តៅ ប៉ុន្តែការកក់សម្រាប់សូរ្យគ្រាសឆ្នាំនេះ បានចាប់ផ្តើមកើនឡើងជាច្រើនខែមុន។

 

លោកបាននិយាយថា៖ “សមាជិករបស់យើងជាច្រើនមាន Camper Van សម្រាប់ជួលប្រហែល 30 ឬ 40 គ្រឿង ហើយពួកគេត្រូវបង្កើន និងពង្រីកចំនួនយានយន្ត ដោយសារទទួលបានសំណើកក់ជាច្រើនជារៀងរាល់ថ្ងៃ។”

 

ការធ្វើដំណើរតាមយន្តហោះក៏កើនឡើង

 

រដ្ឋាភិបាលអេស្ប៉ាញព្យាករណ៍ថា ចំនួន កៅអីយន្តហោះដែលបានកំណត់ពេលហោះហើរ នៅសប្តាហ៍នេះ នឹងកើនឡើង 7.9% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2025។

 

ទិន្នន័យពី Amadeus Travel Intelligence បង្ហាញថា ការកក់ជើងហោះហើរសម្រាប់ថ្ងៃមុនសូរ្យគ្រាស បានកើនឡើងជាង 90% បើធៀបនឹងឆ្នាំមុន នៅគោលដៅភាគខាងជើងមួយចំនួន ដូចជា Santander, Asturias និង Bilbao។

 

រថភ្លើងបន្ថែមសេវា

 

ក្រុមហ៊ុនរថភ្លើង Renfe នឹងផ្តល់កៅអីជាង 1 លានកៅអី លើរថភ្លើងចម្ងាយឆ្ងាយចំនួន 3,038 ជើង ចាប់ពីថ្ងៃទី 7 ដល់ 16 ខែសីហា។

 

ក្រុមហ៊ុនក៏នឹងបង្កើនសេវារថភ្លើងលើខ្សែ Media Distancia និង Cercanías ជាពិសេសនៅភាគខាងជើងអេស្ប៉ាញ ដែលមានទីតាំងល្អជាច្រើនសម្រាប់មើលសូរ្យគ្រាស។

 

អេស្ប៉ាញកំពុងទទួលបានអ្នកទេសចរច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ

 

នៅឆ្នាំ 2025 អេស្ប៉ាញបានស្វាគមន៍អ្នកទេសចរអន្តរជាតិចំនួន 96.8 លាននាក់ ដែលជាកំណត់ត្រាខ្ពស់បំផុត និងកើនឡើង 3.2% បើប្រៀបធៀបនឹងឆ្នាំមុន។

 

ចំនួននេះធ្វើឱ្យអេស្ប៉ាញក្លាយជា ប្រទេសដែលមានអ្នកទេសចរទៅទស្សនាច្រើនបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសបារាំង។

 

ក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ 2026 អេស្ប៉ាញបានទទួលអ្នកទេសចរអន្តរជាតិចំនួន 46.57 លាននាក់ កើនឡើង 4.6% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

...

 

ដូច្នេះ សូរ្យគ្រាសថ្ងៃទី 12 ខែសីហា មិនត្រឹមតែជាព្រឹត្តិការណ៍តារាសាស្ត្រដ៏កម្រមួយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចក្លាយជា កម្លាំងជំរុញដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ សណ្ឋាគារ អាកាសចរណ៍ អាហារ និងសេវាកម្មរបស់អេស្ប៉ាញ ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print