នគរបាលខេត្តសីហនុឃាត់ខ្លួនក្រុមក្មេងទំនើងបីនាក់បើកបរម៉ូតូប្រណាំងគ្នាលើផ្លូវសាធារណៈបណ្ដាលឲ្យបុកមនុស្សស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ពាក់ព័ន្ធក្នុងករណី បើកបរម៉ូតូ​ប្រណាំងប្រដេញគ្នាតាមដងផ្លូវសាធារណៈ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តពីក្រោយ  បណ្តាលឱ្យស្លាប់មនុស្ស១នាក់ក្នុងចំណោមបក្សពួក ៤នាក់។

អនុវត្តតាមអនុសាសន៍ដឹកនាំនិងការចង្អុលណែនាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦​ វេលាម៉ោង២១ និង៤៣នាទី ស្ថិតនៅលើមហាវិថីឆ្នេររាម ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហ​នុ មានក្មេងទំនើង ១ក្រុម មានគ្នាចំនួន៤នាក់ ជិះម៉ូតូចំនួន ៤គ្រឿង បានធ្វើសកម្មភាព បើកបរម៉ូតូ ប្រណាំងប្រដេញគ្នា បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបក្សពួក១នាក់ ឈ្មោះ​ ធី ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ​ (មុខរបរដឹកម្ហូប) ស្នាក់នៅភូមិ២សង្កាត់២ (ស្លាប់​នៅកន្លែងកើតហេតុ) បន្ទាប់ពីបុកគូថរថយន្តពីក្រោយ ក្នុងទិសដៅស្របគ្នា។ 

បន្ទាប់ពីទទួលបានព័ត៌មាន ភ្លាមៗផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយផ្នែកជំនាញចរាចរណ៍​នៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម​ បានធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនក្រុមទំនើងខាងលើចំនួន៣នាក់រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ។​

អំពីអត្តសញ្ញាណជនសង្ស័យ៖

១.ឈ្មោះ ប្រាក់  លីឃីត ភេទប្រុស អាយុ២១ឆ្នាំ (មុខរបរលក់ខោអាវ) ស្នាក់នៅ ក្នុងភូមិ២​សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​

២.ឈ្មោះ ជុំ ប៊ុនលាភ ភេទប្រុស អាយុ១៩ឆ្នាំ (មុខរបរជាងកញ្ចក់) ស្នាក់នៅ ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​

៣.ឈ្មោះ ថាត លីហ័រ ភេទប្រុស អាយុ១៨ឆ្នាំ (មុខរបរជាងពិដាន) ស្នាក់នៅ ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។​

វត្ថុតាងដកហូតរួមមាន៖

-ម៉ូតូចំនួន ៣គ្រឿង ម៉ាក់EXCITER គ្មានផ្លាកលេខ។

+ទូរស័ព្ទចំនួន៣គ្រឿង.

-ម៉ាក់Iphon11ពណ៌ខ្មៅចំនួន២គ្រឿង

-ម៉ាក់Iphon12ពណ៌ខៀវចំនួន១គ្រឿង។

ក្រោយធ្វើការសាកសួរ ក្មេងទំនើងទាំង ៣នាក់បានសារភាពថា​នៅយប់កើតហេតុនោះក្រុមខ្លួន​មានគ្នាចំនួន ៤នាក់បានជិះម៉ូតូម្នាក់១គ្រឿង ធ្វើដំណើរពីក្រុងព្រះសីហ​នុ មកដើរលេងនៅរង្វង់មូលព្រះថោង បន្ទាប់មកក៏បានបបួលគ្នា​ទៅប្រណាំងម៉ូតូ ចាប់ពីចំណុច BAY OF LIGHT មកស្ពានឆេះ ក្នុងពេលបើកបរប្រណាំងគ្នា ពួកខ្លួនទាំង៣នាក់​បានបើកវ៉ាជែងរថយន្ត១គ្រឿង ហួសទៅមុខមុនទៅដល់គោលដៅដែលបានកំណត់ ចំណែកជនរងគ្រោះ បើកតាមពីក្រោយ ពួកខ្លួនពុំបានដឹងថាជនរងគ្រោះ បានបុកគូថរថយន្តនោះទេ មួយសន្ទុះក្រោយមកក៏មានអ្នកធ្វើដំណើរ ឆ្លងកាត់ប្រាប់ទើបពួកខ្លួនដឹងថា មិត្តភ័ក្តិបានបុកគូថរថយន្តពីក្រោយបណ្តាលឱ្យស្លាប់។​

បច្ចុប្បន្នក្មេងទំនើងទាំង ៣នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានផ្នែកជំនាញព្រហ្មទណ្ឌកសាងសំណុំរឿង​បន្តតាមនីតិវិធី ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍ ផ្នែកជំនាញចរាចរណ៍ ក៏បានយកវត្ថុតាងមករក្សាទុក ហើយកសាងសំណុំរឿងបន្តតាមនីតិវិធីដូចគ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print