អគ្គបញ្ជាការដ្ឋាន ប្រកាសតែងតាំងភារកិច្ចថ្មីដល់នាយទាហានបម្រើការងារនៅអធិការដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានរៀបចំពិធីប្រកាសតែងតាំងភារកិច្ចថ្មីដល់នាយទាហានបម្រើការងារនៅអធិការដ្ឋានអគ្គបញ្ជាការ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

 

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង ឧត្តមសេនីយ៍ទោ មាស ស័ក្ត ជាទីប្រឹក្សាអគ្គបញ្ជាការដ្ឋាន និងឧត្តមសេនីយ៍ទោ ចាន់ ប្រុស ជានាយកអធិការដ្ឋានអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

 

ក្នុងមតិសំណេះសំណាល ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស វាសនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអតីតនាយកអធិការដ្ឋាន ដែលបានខិតខំបំពេញតួនាទីភារកិច្ចកន្លងមក និងបានរួមចំណែកសំខាន់ក្នុងការពង្រឹងវិន័យ សណ្តាប់ធ្នាប់ ការគោរពច្បាប់ បទបញ្ជា និងការទទួលខុសត្រូវក្នុងកងយោធពលខេមរភូមិន្ទ។

 

ឯកឧត្តមបានអបអរសាទរ និងជូនពរដល់ ឧត្តមសេនីយ៍ទោ ចាន់ ប្រុស ក្នុងភារកិច្ចថ្មី ព្រមទាំងផ្តាំផ្ញើឱ្យបន្តថែរក្សា និងលើកកម្ពស់ស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន កែលម្អចំណុចខ្វះខាត និងស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

 

ឯកឧត្តមបានបញ្ជាក់ថា ការផ្ទេរ និងប្រគល់ភារកិច្ចថ្មី គឺជាការផ្ទេរការទទួលខុសត្រូវពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មិនមែនជាការផ្អាក ឬចាប់ផ្តើមបេសកកម្មរបស់អង្គភាពឡើងវិញនោះទេ។ ដូច្នេះ ថ្នាក់ដឹកនាំថ្មីត្រូវធានាឱ្យការងារបន្តប្រព្រឹត្តទៅដោយរលូន ជាពិសេសការងារដែលកំពុងអនុវត្ត និងការងារដែលមានកាលកំណត់ច្បាស់លាស់។

 

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំ និងនាយទាហានគ្រប់រូបក្នុងក្របខ័ណ្ឌអធិការដ្ឋាន ឱ្យបន្តរក្សាវិន័យ សាមគ្គីភាព និងអនុវត្តតាមការដឹកនាំរបស់នាយកថ្មី ពង្រឹងកិច្ចសហការដោយស្មារតីទទួលខុសត្រូវ ផ្តល់យោបល់ដោយស្មោះត្រង់ និងមានវិជ្ជាជីវៈ គោរពបទបញ្ជាតាមឋានានុក្រម រក្សាការសម្ងាត់របស់កងទ័ព និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសាមគ្គីភាព វិន័យ និងទំនុកចិត្ត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print