រុស្ស៊ីព្រមានអង់គ្លេស សម្រាប់ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់អ៊ុយក្រែន

ចែករំលែក៖

ទីក្រុងមូស្គូបានព្រមានទីក្រុងឡុងដ៍ថាខ្លួននឹងបង់ថ្លៃដ៏ច្រើនបន្ទាប់ពីមានរបាយការណ៍លេចចេញថាអ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអង់គ្លេសដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

កាលពីសប្តាហ៍មុន កាសែត Sunday Times បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដែលផលិតដោយក្រុមហ៊ុនអង់គ្លេសពីរត្រូវបានអ៊ុយក្រែនប្រើប្រាស់ដើម្បីវាយប្រហារគោលដៅយោធា និងឧស្សាហកម្មនៅក្នុងទឹកដីរុស្ស៊ី។
ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍នៅថ្ងៃទី១៧ ខែសីហា បានចោទប្រកាន់អង់គ្លេសថាជា «អ្នកសមគំនិត » ជាមួយអ៊ុយក្រែនក្នុងការវាយប្រហារ និង «ជ្រើសរើសដើម្បីបង្កើនជម្លោះ» ដោយចេតនា។
សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីរុស្ស៊ីបានឱ្យដឹងថា យន្តហោះដ្រូនសរុបចំនួន ៦២០គ្រឿង បានហោះសំដៅមកកាន់តំបន់មូស្គូ កាលពីវេលាយប់កន្លងទៅ និងមានមនុស្សមួយចំនួន បានទទួលរងរបួស ហើយអគារខ្លះបានរងការវាយប្រហារ។
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបំផ្លាញដ្រូនជាង ១៨០ គ្រឿង នៅលើតំបន់រដ្ឋធានី។ ចំណែកលោក Andrey Vorobyov អភិបាលតំបន់មូស្គូ ដែលជាតំបន់ស្ថិតនៅជុំវិញរដ្ឋធានី បាននិយាយថា ការវាយប្រហារដោយដ្រូននេះ បានបណ្តាលឲ្យមនុស្ស ៣នាក់រងរបួស ក្នុងនោះរួមមានក្មេងស្រីអាយុ ១០ឆ្នាំ ម្នាក់ផងដែរ។
លោក Vorobyov បានអះអាងថា ផលវិបាកធ្ងន់ធ្ងរជាងគេ ត្រូវបានរាយការណ៍នៅក្នុងស្រុក Pavlovsky Posad ជាកន្លែងដែលលំនៅដ្ឋានមួយខ្នងបានឆាបឆេះ។ យន្តហោះដ្រូន ក៏បានវាយប្រហារចំឃ្លាំងមួយកន្លែង នៅភាគខាងកើតទីក្រុងមូស្គូ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី Wildberries ផងដែរ។ អ៊ុយក្រែន បានវាយប្រហារឃ្លាំងរបស់ក្រុមហ៊ុន Wildberries ជាច្រើនកន្លែង អំឡុងពេលប៉ុន្មានសប្តាហ៍មកនេះ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះ លួចជួយផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ដ្រូនរុស្ស៊ី។
ដោយសារការប្រយុទ្ធគ្នា នៅតាមសមរភូមិមុខស្ទើរតែជាប់គាំងទាំងស្រុង និងកិច្ចប្រឹងប្រែងចរចាក៏ត្រូវបានផ្អាក អ៊ុយក្រែននិងរុស្ស៊ី បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយយ៉ាងខ្លាំងដាក់គ្នា ដែលធ្វើឲ្យចំនួនជនស៊ីវិលបាត់បង់ជីវិត កើនឡើងខ្ពស់បំផុត គិតចាប់តាំងពីប៉ុន្មានខែដំបូងនៃសង្រ្គាម កាលពីក្នុងឆ្នាំ២០២២៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print