ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកtoyota prius មួយគ្រឿងក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតជ្រុលទៅបុកម៉ូតូ SCOOPY ចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក toyota prius ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3650 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតជ្រុលទៅបុកម៉ូតូម៉ាក SCOOPY ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1ME-2755 ដែលចតចោលនៅខាងមុខផ្ទះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយសំណាងល្អដែរដែលមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តសងសំណងទៅលើភាគីម៉ូតូចំនួន៣៥០០ដុល្លារបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ










