ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២:១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវព្រះមុនីវង្សចំណុចភ្លើងស្តុបស្ថានទូតចិនក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1MF-0957 ឌុបគ្នាតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនយ៉ាងលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងចំណែកឯអ្នកជិះពីរនាក់ម្នាក់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនជាបណ្ដោះអាសន្ន ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










