ភ្នំពេញ៖ លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជានាយកគ្រប់គ្រងគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី «ការអនុវត្តគម្រោងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦» នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នចំនួនប្រាំមួយ ដែលជាភ្នាក់ងារអនុវត្តគម្រោងចំនួន៧ ដែលគាំទ្រដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៦។
កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបានពិភាក្សាអំពីតម្រូវការគន្លឹះចំពោះប្រតិបត្តិការ និងការគ្រប់គ្រង ជាពិសេសសង្កត់ធ្ងន់លើនីតិវីធីរួមបច្ចុប្បន្នកម្មសម្រាប់ការអនុវត្តគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ និងស្របតាមនីតិវិធីលទ្ធកម្ម។
នីតិវិធីទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តគម្រោង សង្គតិភាពនៃការអនុលោមតាមស្តង់ដារដែលអនុវត្តបាន និងគណនេយ្យភាពរបស់ភ្នាក់ងារអនុវត្តគម្រោង។
កិច្ចប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងថ្មីទាំងប្រាំពីរ ដែលរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋាន និងរួមចំណែកដល់ការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច លើវិស័យអាទិភាពជាច្រើន រួមមាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ សុខាភិបាល នវានុវត្តន៍ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនធានទឹក។
តាមរយៈគំនិតផ្តួចផ្តើមជាក់ស្តែងទាំងនេះ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងរួមចំណែកក្នុងការកសាងសហគមន៍អនាគតរួមគ្នាប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នានៅក្នុងអនុតំបន់មេគង្គ-ឡានឆាង៕
ដោយ៖តារា










