រដ្ឋមន្ត្រីក្រសួងសាធារណការ៖ ការបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ពិតជាបានបង្ហាញឱ្យឃើញនូវការរីកចម្រើនថ្មីៗរបស់កម្ពុជា និងការអភិវឌ្ឍរីកចម្រើន

ចែករំលែក៖

ខេត្តក្រចេះ​៖​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានមានប្រសាសន៍ថា​ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A នៅព្រឹកនេះ ពិតជាបានបង្ហាញឱ្យឃើញនូវការរីកចម្រើនថ្មីៗរបស់កម្ពុជា និងការអភិវឌ្ឍរីកចម្រើនសម្រាប់ខេត្តនៅភូមិភាគឦសាន ដែលសមិទ្ធផលថ្មីនេះបានកើតចេញពី ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជ្រើសរើសប្រមុខដឹកនាំដែលមាន ចក្ខុវិស័យវែងឆ្ងាយ មានការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទៈដ៏មុះមុត ដើម្បីដឹកនាំនិងនាំយក ការអភិវឌ្ឍថ្មីៗជូនជាតិមាតុភូមិនិងប្រជាជនកម្ពុជាទាំងមូល។

ការមានប្រសាសន៍បែបនេះ​របស់​លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នាឱកាស​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ នៅខេត្ត​ក្រចេះ​ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក​ នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា ដោយមើលឃើញអំពីសារៈសំខាន់ផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រនៃការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា ជាពិសេសដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទើបនៅក្នុងអាណត្តិដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោករដ្ឋមន្ត្រី​ បានជំរុញឱ្យមានការសិក្សាសាងសង់ពង្រីកកំណាត់ផ្លូវទាំង ៣ខ្សែនេះ ឡើងវិញ និងត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រោម អធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក ប៉េង ពោធិ៍នា បញ្ជាក់ថា គម្រោងលើកកម្រិត និងជួសជុល ថែទាំខ្សែផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុប ៩៨,៤០៥គីឡូម៉ែត្រ ក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣៖ មានប្រវែង ៤៩,៨១២គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ត្បូងឃ្មុំ, ចំណែក ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៥៩៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុច ៥០០ម៉ែត្រ ពីរង្វង់មូល ព្រាប ស (ក្រុងក្រចេះ) ស្ថិតនៅភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ទៅដល់វិហារសសរ១០០ (ស្រុកសំបូរ) ខេត្តក្រចេះ។ បន្ថែមពីលើនេះ គម្រោងនេះក៏បានរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ ស្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន បច្ចេកទេសផ្លូវថ្នល់ផងដែរ។

លោករដ្ឋមន្ត្រី​ បានឱ្យដឹងថាចំពោះថវិកាសាងសង់កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧Aនេះ បានប្រើប្រាស់ថវិកាសរុបប្រមាណ ៤៣,៩៥ លានដុល្លារអាម៉េរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុងនោះ កំណាត់ផ្លូវជាតិលេខ៧៣ បានចំណាយថវិកាប្រមាណ ១៤,៧៧លានដុល្លារអាម៉េរិក និងផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A បានចំណាយថវិកាប្រមាណ ២៩,១៨លានដុល្លារអាម៉េរិក។

លោក ប៉េង ពោធិ៍នា បញ្ជាក់ថា ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាព ទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើង នៅរៀងរាល់រដូវវស្សា។ នាពេលបច្ចុប្បន្ន ខ្សែផ្លូវទាំង ៣ខ្សែនេះបាននិងកំពុងផ្តល់អត្ថប្រយោជន៍ និងផលចំណេញផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន តាមរយៈការសម្រួលដល់ការតភ្ជាប់រវាងតំបន់ ទីប្រជុំជន និងតំបន់ដាច់ស្រយាល ការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និង កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ការធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅសាលារៀនរបស់សិស្សា នុសិស្ស និងការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់រមណីយដ្ឋាននានានៅក្នុង ទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នា។

លោក ប៉េង ពោធិ៍នា បញ្ជាក់ថា ក្រៅពីខ្សែផ្លូវទាំង៣នេះ ខេត្តក្រចេះក៏នឹងទទួលបាននូវសមិទ្ធផលដ៏ធំជាប្រវត្តិសាស្ត្រ និងមានសារៈសំខាន់មួយទៀត នោះគឺ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដែលត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមនាពេលថ្មីៗកន្លងមកនេះ ហើយបច្ចុប្បន្នបានបញ្ចប់ការសាងសង់ និងត្រៀមដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

...

លោករដ្ឋមន្ត្រី​ បញ្ជាក់ថា ក្រសួងក៏បាននិងកំពុងជំរុញការសិក្សា និងអនុវត្តគម្រោងថ្មីៗបន្ថែមទៀតស្ថិត ក្នុងភូមិសាស្ត្រខេត្តក្រចេះ រួមមានដូចជាគម្រោងផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ, គម្រោងផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីរតនគិរី បានលុង កន្ទុយនាគ ភ្ជាប់ទៅព្រំប្រទល់កម្ពុជា-វៀតណាម, និងគម្រោងកំណាត់ផ្លូវជាតិលេខ៧ (រមាត ខេត្តក្រចេះ-ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ព្រំប្រទល់កម្ពុជា-ឡាវ), ព្រមទាំងគម្រោងសិក្សាសាងសង់ហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់និងជំរុញការបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជា-ឡាវ និង កម្ពុជា-វៀតណាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print