ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋការពារសុខភាព ត្រៀមបង្ការ និងឆ្លេីយតបនឹងគ្រោះទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បាន បញ្ជាក់ជាបន្តបន្ទាប់ពីស្ថានភាពភ្លៀងធ្លាក់ច្រើននៅព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើតជាជំនន់ទឹកភ្លៀង រហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឱ្យទឹកស្ទឹង ព្រែក ទន្លេ ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ ដែលអាច ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ផ្អែកលើស្ថានភាពនេះ ដើម្បី កាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិ ឱ្យបានជាអតិបរមា ក្រសួងសុខាភិបាលសូមអំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនិងប្រកាន់ខ្ជាប់នូវវិធានការណែនាំដូចខាងក្រោម៖

 

១- មុនពេលទឹកជំនន់៖

 

– ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងបម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់

 

– ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាត និងសាងសង់បង្គន់ឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។

 

២- អំឡុងពេលមានទឹកជំនន់៖

 

– សុវត្ថិភាពស្នាក់នៅ និងអគ្គិសនី៖ មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់។ មិន ត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។

 

– ការការពារជំងឺ៖ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈឺក និងជំងឺ ផ្សេងៗ ។ ត្រូវងូតទឹកដុះសាប៊ូ ឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក ពងទឹក កមរមាស់ ។

 

– សុខភាពមាតា និងទារក៖ ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ បើស្ត្រីជិតដល់ ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ត្រូវនាំកូនៗ ទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្តល់អាហារដោយរក្សាអនាម័យ។

 

– ការគាំទ្រជនងាយរងគ្រោះ៖ ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយ ត្រៀម ឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។

 

– សុវត្ថិភាពការធ្វើដំណើរ៖ ការធ្វើដំណើរតាមទូកឬការណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។

 

ការបង្ការសត្វអសិរពិស៖ ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួល សុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណី មានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅ ជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។

 

– អនាម័យចំណីអាហារនិងទឹកស្អាត៖ ត្រូវ ទទួលទានទឹកស្អាត ដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬ ប្រើថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល ៣០នាទីមុន ប្រើប្រាស់ ដើម្បីចៀសវាង នូវជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើម ស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្រប អាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និង ក្រោយចេញពីបង្គន់។

 

៣- ក្រោយពេលទឹកជំនន់៖

 

– បន្តរក្សាអនាម័យ បរិភោគចំណីអាហារ និងទឹកស្អាត រួមទាំងសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺ ដែលបានរៀបរាប់ខាងលើ។ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ

 

– ពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនិងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួន។

 

– ធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងនូវការដក់ទឹកនាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ត្រូវស្តារ និងសម្អាតអណ្តូងទឹកឡើងវិញមុននឹង ប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់និងបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។

 

នៅគ្រប់ដំណាក់កាល ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និង ព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកបំផុត។

 

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងថែរក្សាសុខភាព តាមរបៀបបង្ការខាងលើ។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹង អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមបណ្តាញ សង្គមផ្លូវការរបស់ក្រសួងសុខាភិបាល www.moh.gov.kh ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ។

...

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print