អ៊ីរ៉ង់បានព្រមានពីការវាយប្រហារលើគោលដៅរបស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកជាមួយទីក្រុងតេអេរ៉ង់។
លោក Hossein Mohebbi អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានថា អ៊ីរ៉ង់នឹងបើកការវាយប្រហារដ៏សាហាវឃោរឃៅទៅលើចំណុចច្របាច់ថាមពល និងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ត្រូវបានវាយប្រហារ។
លោក Mohebbi បានប្រកាសនៅថ្ងៃទី 24 ខែសីហាថា “ការវាយប្រហារណាមួយលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់នឹងត្រូវបានបន្តដោយការវាយប្រហារដ៏សាហាវឃោរឃៅទៅលើចំណុចច្របាច់ថាមពល និងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាមេរិក”។
អាមេរិកនឹងពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលទីក្រុងវ៉ាស៊ីនតោនអះអាងថានឹងខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់អ៉ីរ៉ង់ ជាមួយការបង្ហាញក្ដីសង្ឃឹមថាដៃគូពាណិជ្ជកម្មធំៗរបស់អ៉ីរ៉ង់នឹងប្រឆាំងជំទាស់ទៅនឹងយុទ្ធនាការដាក់សម្ពាធរបស់វ៉ាស៊ីនតោន។
ការគំរាមរបស់អ៉ីរ៉ង់កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ បានប្រកាសពីការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងតេហេរ៉ង់ ជាមួយការព្រមានថាប្រទេសណាមួយដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់អាចនឹងប្រឈមមុខនឹងការដកចេញពីប្រព័ន្ធហិរញ្ញវត្ថុផ្អែកលើលុយដុល្លាររបស់សហរដ្ឋអាមេរិក។ លោក Bessent មិនបានបញ្ជាក់ចំៗឈ្មោះនៃប្រទេសអាចនឹងត្រូវបានកំណត់ជាគោលដៅ ឬក៏បង្ហើបឱ្យដឹងថាការដាក់ពិន័យនឹងត្រូវចូលជាធរមាននៅពេលណានោះទេ ដោយគ្រាន់តែនិយាយថាលោកចង់ផ្ដល់ពេលវេលាឱ្យពួកគេអនុវត្តតាម ការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៉ីរ៉ង់។
ជាមួយគ្នានោះដែរ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើគោលដៅចំនួន៦០ មានទាំងបុគ្គល ក្រុមហ៊ុន និងកប៉ាល់ ប៉ុន្តែបញ្ជីឈ្មោះទាំងនោះមិនមានបញ្ចូលឈ្មោះស្ថាប័នហិរញ្ញវត្ថុចិនដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៉ីរ៉ង់នោះទេ។ អ៉ីរ៉ង់វិញបានគំរាមចាត់វិធានការសងសឹកមានទាំងជម្រើសយោធា និងការកាត់បន្ថយបន្ថែមទៀតនូវការនាំចេញចេញពីតំបន់ឈូងសមុទ្រ ជាការឆ្លើយតបទៅនឹងការពង្រីកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំណាក់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៉ីរ៉ង់ លោក Ali Madanizadeh ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាចិន ឬរុស្ស៉ី នឹងមិនទទួលយកចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទេ ហើយព្យាករណ៍ថាបណ្ដាប្រទេសដទៃនឹងប្រឆាំងតបតផងដែរ៕
រូបថត: Press TV










